សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកនេះ

0
334

បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល ៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ឯ,ឧ អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិត ដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាពេលនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាសទាំង២៤នេះ មានថៅកែជាជនជាតិចិនចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ឯ,ឧ រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ថា រោងចក្រ សហគ្រាសនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងកំពុងបន្តកិច្ចសហការជាមួយប្រទេសជាដៃគូរួមមាន៖ ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីបន្តផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធ និងផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបានរបបកាំពារសង្គមទាំបច្ចុប្បន្ន និងពេលដែលវិលត្រលប់មកវិញ ។

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចជោគជ័យនូវយុទ្ធនាការផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ និងបានធានានូវលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនពលករ ដែលជាជោគជ័យនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសន្តរប្រវេសន៍ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ មកដល់ពេលពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ៥១លើក ដោយមានកម្មករ កម្មការិនីចូលរួសរុប ៧០០,២០២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here