(ភ្នំពេញ) កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនូវកត្តា ៣ ចំណុច ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតយ៉ាងសំបើម ក្នុងការបោះឆ្នោត ។
កត្ត ៣ នោះ គឺទី១-មានមេបក្ស ដែលប្រជាជនទុកចិត្ត ទី២-មានគោលនយោបាយត្រឹមត្រូវ ហើយអនុវត្តតាម មិនមែននិយាយប្រ៉ូ និងកត្តាទី៣-សមាជិកបក្ស នៅជាមួយប្រជាជនទៀងទាត់ រាប់ឆ្នាំ មិនមែនចាំតែពេលឃោសនា បានឃើញមុខនោះទេ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានប្រកាសពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយបង្ហាញពីសំឡេងឆ្នោត និងភាគរយ ដែលគណបក្សនយោបាយទាំង ២០ ទទួលបាន។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ រហូតដល់ជាង ៤,៨ លានសំឡេង ស្មើនឹង ៧៦,៧៨%។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប. លើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន ៨២,៨៩% បន្ទាប់ពីស្រង់លទ្ធផលបឋមនៅគ្រប់ការិយាល័យទាំង ២២.៩៦៧ នៅទូទាំងប្រទេស៕