(ស្ទឹងត្រែង) មកដល់ម៉ោង ៨ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨៤ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។
តាមរយៈការព្យាករក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា នៅថ្ងៃទី៣ សីហា ទឹកទន្លេខេត្តស្ទឹងត្រែងនឹងកើនឡើង ខ្ពស់ហួសកម្រិតប្រុងប្រយ័ត្នហើយនៅថ្ងៃទី ៤សីហាទឹកទន្លេខេត្តក្រចេះនឹងកើនឡើងខ្ពស់ហួសកម្រិតប្រុងប្រយ័ត្ន ខណៈដែល នៅថ្ងៃទី ៥សីហាខាងមុខ ទឹកទន្លេ ខេត្តកំពង់ចាម ក៏នឹងកើនឡើងខ្ពស់ហួសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នដូចគ្នា។
បើតាមការបញ្ជាក់ពីក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា តំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេ ក្នុងក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកសៀមបូក ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់ ។
សូមជម្រាបថា បើយោងតាមការប្រកាសរបស់ក្រសួងធនធាននិងឧតុនិយមនៅថ្ងៃ៣០ កក្កដាឲ្យដឹងថា ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្តាប់ក្នុងកម្រិតមធ្យមទៅច្រើន នៅតាមតំបន់ទន្លេ មេគង្គនៅក្នុងប្រទេសថៃ និងលាវ បានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងខ្លាំងក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ បន្ថែមទៀត៕