(ភ្នំពេញ) គណបក្សនយោបាយចំនួន០៦ នឹងធ្វើការហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបញ្ចប់ នៃយុទ្ធនាការឃោសនា ដោយមានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ (៣២១.៨៨០នាក់) និងមានរថយន្តចំនួន ៣.៦៧០គ្រឿង ម៉ូតូកង់បីជិត ១ពាន់គ្រឿង និងម៉ូតូជាង ៨ពាន់គ្រឿង។
នេះបើយោងតាមរបាយការណ៍របស់ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបង្ហាញឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោត គឺនៅរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន០៦ ហែក្បួនឃោសនា ក្នុងនោះមានដូចជា ៖
១. គណបក្សប្រជាជនកម្ពុជា ហែក្បួនចេញពីកោះពេជ្រ និងបញ្ចប់នៅកោះពេជ្រ ដោយមានអ្នកចូលរួមចំនួន ២៥០.០០០នាក់ មានរថយន្តចំនួន ៣.០០០គ្រឿង និងម៉ូតូមានចំនួន ៥៨.០០០គ្រឿង។
២. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីតាំងទី១. ហែក្បួនចេញពីផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងបញ្ចប់នៅផ្លូវលីយ៉ុងផាត់។ ទីតាំងទី២. ហែក្បួនផ្លូវលីយ៉ុងផាត់ និងបញ្ចប់នៅទីស្នាក់ការគណបក្សនៅលើផ្លូវ ៣១៥។
ដោយមានអ្នកចូលរួមចំនួន ៥០.០០០នាក់ រថយន្តមានចំនួន ៥០០គ្រឿង ម៉ូតូកង់បីចំនួន ៨០០គ្រឿង និងម៉ូតូចំនួន ២០.០០០គ្រឿង។
៣. គណបក្សសញ្ជាតិកម្ពុជា ហែក្បួនចេញពីទីលានប្រជាធិបតេយ្យ បញ្ចប់នៅវត្តសំពៅមាស ជិតពហុកីឡាដ្ឋានជាតិអូរឡាំពិក ដោយមានអ្នកចូលរួមចំនួន ២០.០០០នាក់ រថយន្តចំនួន ១០០គ្រឿង ម៉ូតូកង់បីចំនួន ១០០គ្រឿង និងម៉ូតូចំនួន ៥.០០០គ្រឿង។
៤. គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចេញពីទីស្នាក់ការកណ្តាលគណបក្ស នៅសង្កាត់ជ្រោយចង្វារ (មាត់ទន្លេត្រើយខាងកើត) បញ្ចប់នៅទីវាលការីឡាចុងខាងត្បូងសូនវត្តបទុមវតី ដោយមានអ្នក ១.៥០០នាក់ មានរថយយន្តតូច ៣០គ្រឿង រថយន្តកូរ៉េ ២០គ្រឿង ម៉ូតូកងបីចំនួន ២០គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។
៥. គណបក្សខ្មែរក្រោក ហែក្បួនចេញពីរង្វង់មូលកាំកូស៊ីធី សម្រាកទទួលទានថ្ងៃត្រង់ផ្លូវលីយ៉ុងផាត់ បញ្ចប់នៅផ្លូវវ៉េងស្រេង ដោយមានអ្នកចូលរួមចំនួន ៣៨០នាក់ រថយន្តចំនួន ២០គ្រឿង ម៉ូតូកង់បីចំនួន៣០គ្រឿង និងម៉ូតូ ៨០គ្រឿង។
និង ៦. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនចេញពីទីស្នាក់ការ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បញ្ចប់នៅទីស្នាក់ការ ដោយមានអ្នកចូលរួមចំនួន ១០០នាក់ រថយន្តចំនួន ២០គ្រឿង ម៉ូតូកង់បីចំនួន ៥០គ្រឿង៕