(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ សុំឲ្យសមាគមអ្នកលក់ឱសថកម្ពុជា ក្រសួង ក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងអ្នកពាក់ព័ន្ធ បណ្តុះបណ្តាលវិជ្ជជីវៈជាមូលដ្ឋានគ្រឹះ ដល់អ្នកលក់ឱសថ តាមឱសថស្ថាន ដើម្បី បង្កើននូវចំណេះ ក្នុងការធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុខមាលភាពប្រជាពលរដ្ឋ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន កាលពីព្រឹកថ្ងៃទី២៥ កក្តដានៅសាលមហោស្របចេនឡាខណ្ឌទួលគោក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៏ថា អ្នកលក់ឱសថនៅកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាជន ពិសេស អ្នកជំងឺ ដែលចំណាយថវិកាសម្រាប់ព្យាបាល ត្រូវទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ។ឯកឧត្តម អភិបាលបន្តថា ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងការប្រគល់នូវវិញ្ញាបនបត្រនៅថ្ងៃនេះ ជាការបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងបង្កើនចំណេះដឹងលើផ្នែកឱសថ ដើម្បីធានានូវគុណភាព សិវត្ថិភាព និងសុខមានលភាពប្រជាពលរដ្ឋ ព្រោះឱសថជាអាវុធមុខពីរ ដែលអាចធ្វើឲ្យមនុស្សស្លាប់ បើសិនជាអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវ ដោយខ្វះជំនាញនិងចំណេះដឹងលើវិស័យសុខាភិបាល។
គួររំលឹកដែរថា ការបណ្តុះបណ្តាលនេះ ដោយសារយើងទាំងអស់គ្នាសុទ្ធ តែជាអ្នកប្រកបមុខរបរលក់ឱសថ ឱសថគឺជាអាវុធមុខពីរ។ឱសថអាចព្យាបាលមនុស្សាបានឱសថក៏អាចសម្លាប់មនុស្សបាន។ចំណុចនេះហើយដែលទាមទាឲ្យក្រសួងសុខាភិបាលក៏ដូចមន្ទីរពាក់ព័ន្ធជាមួយរាជធានី ខេត្តត្រូវរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ឱសថស្ថាននិងឱសថស្ថានរង ជាពិសេសអាជីវ ករអ្នកលក់ឱសថត្រូវយល់ដឹងអំពីការចែកចាយនិងកល់ថ្នាំនេះឲ្យបានល្អប្រសើរ។
លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាអនុប្រធានសមាគមសហព័ន្ធវិនិយោគិនបានបញ្ជាក់ថា ការផ្តល់ជូនការបណ្តុះបណ្តាលនេះ គឺជាការគិតគូរ ពីសុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និងជាការបង្ការហានិភ័យជាយថាហេតុ ដែលផ្តើមចេញពីអ្នកលក់គ្មានវិជ្ជាជីវៈ និងការប្រើប្រាស់ឱសថ។ លើសពីនេះ គឺជាការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បី បម្រើឲ្យវិស័យសុខាភិបាល ក៏ដូចជាពង្រឹងសេវាកម្មសុខាភិបាលឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា៖ សិក្ខាកាមដែលជាឱសថការី បានទទួលការបណ្តុះបណ្តាលកម្រិតមូលដ្ឋាន នូវចំណេះដឹងផ្នែកឱសថការី និងទទួលវិញ្ញាបនបត្រនេះ មានចំនួន៧០៣នាក់ ក្នុងនោះស្រី៤៤៣នាក់ ។ មាន រយៈពេល១០ខែ គិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៨ នៅសមាគមអ្នកលក់ឱសថកម្ពុជា លើមុខវិជ្ជាវេជ្ជសាស្រ្ត និងឱសថសាស្រ្ត ៕