(កោះកុង) ព្រះរាជអំណោយរបស់ព្រះមហាក្សត្សនិងសម្តេចម៉ែ នេះ ត្រូវបានសម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយវត្តមានអ្នកមុខអ្នកការក្នុងខេត្តកោះកុង រួមទាំងលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុងនាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ នាវេលាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥៧៨ គ្រួសារ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកស្រែអំបិល ខេត្តកោះកុង ។
សូមជំរាបថា ជំនន់ទឹកភ្លៀងបានបង្ករឱ្យស្រុកចំនួន៤របស់ខេត្តកោះកុង ទទួលរងការលិចលង់ផ្ទះសំបែង និងស្រែចំការប្រជាពលរដ្ឋអស់ជាច្រើនហិកតា ក្នុងចំណោមនោះ ស្រុកស្រែអំបិលបានរងគ្រោះខ្លាំងគួរសមដែរ៕