(ភ្នំពេញ) ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសោតទស្សន៍ក្រសួងព័ត៌មានបាន ថ្លែងក្រុមអ្នកសារព័ត៌មាន ដែលចូលរួមក្នុងកិច្ចពិភាក្សាពិសេស ស្តីពីព័ត៌មានមិនពិតនិងដំណើរការនៃការបោះឆ្នោតជាតិ២០១៨ ដែលប្រព្រឹត្តទៅកាលពីម្សិលមិញថា ក្រសួងព័ត៌មានដែលមាន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាននូវក្រុមមន្ត្រីត្រួតពិនិត្យមើលការផ្សព្វផ្សាយព័ត៌មាន និងប្រកបដោយជំនាញក្នុងការកំណត់ថា ជាព័ត៌មានពិត និងព័ត៌មានណាមិនពិត ដើម្បីចាត់វិធានការណែនាំប្រភពដែលបង្កើតព័ត៌មានក្លែងក្លាយនោះអោយឈប់ប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ប៉ុន្តែឯកឧត្តម បានត្អូញត្អែរថា យើងនៅមានការលំបាកដោយសារភាគច្រើននៃអ្នកបង្កើតព័ត៌មានក្លែងក្លាយច្រើនតែស្ថិតនៅក្រៅប្រទេស ដែលធ្វើឲ្យយើងលំបាកក្នុងរកប្រភពជាក់លាក់។
ឯកឧត្តម អគ្គនាយក បានថ្លែងបន្តទៀតថា ការធ្វើការយ៉ាងចិត្តទុកដាក់របស់មន្ត្រីក្រសួងព័ត៌មានលើកិច្ចការនេះបានធ្វើឲ្យសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ចែកផ្សាយឬ Share ព័ត៌មានក្លែងក្លាយដែលខ្លួនយល់ថាជាព័ត៌មានស៊ីអារម្មណ៍នោះមានការថយចុះ ពី៤.០០០ Share កាលពីប៉ុន្មានខែមុនមកត្រឹម ១.០០០ Share ក្នុង១ថ្ងៃ ហើយយើងសង្ឃឹមថាការសែព័ត៌មានក្លែងក្លាយនេះនិងបន្តថយចុះទៀតដោយហេតុថាអ្នក Share មានការភ្ញាក់រឭកចង់ធ្វើខ្លួនជាពលរដ្ឋល្អផងនឹងបារម្ភពីវិធានការច្បាប់ផង។
ឯកឧត្តម អគ្គនាយកនៃសោតទស្សន៍ព័ត៌មានបានថ្លែងសង្កត់ធ្ងន់ថា យើងត្រូវគោរពរដ្ឋធម្មនុញនិងគោរពសិទ្ធិនៃការបញ្ចេញមតិរបស់ពលរដ្ឋ ប៉ុន្តែក្រសួងព័ត៌មានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ដោយមានវិធានការទៅលើការផ្សាយព័ត៌មានមិនពិតដែលអាចជាដើមចមដល់ការកើតទ្បើងនៃអសន្តិសុខសង្គម ជ្រួលច្របល់និងប៉ះពាល់ដល់សុចរិតភាពនៃជីវិតបុគ្គល។
នៅក្នុងថ្លែងខាងលើនោះឯកឧត្តម ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានទំាងទ្បាយសូមកុំលេងចំណងជើងដែលចំណងជើងនោះផ្ទុយគ្នាទំាងស្រុងពីខ្លឹមសារអត្ថបទ ឧទាហរណ៍កន្លងមកមានគេហទំព័រមួយដាក់ចំនងជើងថា «អភិបាលខណ្ឌសែនសុខ បើកឲ្យជល់មាន់» ប៉ុន្តែខ្លឹមសារអត្ថបទបានបញ្ជាក់ថា ការជល់មាន់បានប្រព្រឹត្តទៅនៅឯខណ្ឌសែនជ័យឯនោះ រឿងនេះធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់ការគ្រប់គ្រងខណ្ឌសែនសុខ ដោយហេតុថា ខណ្ឌសែនសុខគ្មានការជល់មាន់សោះ ក្រសួងព័ត៌មានកាតព្វកិច្ចតាមផ្លូវច្បាប់លើការផ្សាយព័ត៌មានមិនពិតនិងចែកផ្សាយបន្តនូវព័ត៌មានមិនពិតដើម្បីរួមចំនែកក្នុងការជំរុញក្នុងដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងអាចទទួលយកបាន ពីគ្រប់ភាគីចូលរួម។
សូមបញ្ជាក់ថា ព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតនេះបានក្លាយទៅជាបញ្ហាប្រឈមមិនមែនសម្រាប់តែកម្ពុជាមួយទេ តែសម្រាប់ទំាងតំបន់និងពិភពលោក ជាពិសេសព័ត៌មានដែលផ្សព្វផ្សាយតាមរយ:អំណាចទំាងប្រំា ហ្វេសប៊ុកក្នុងរយ:ពេល ៤ទៅ៥ឆ្នាំចុងក្រោយនេះដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហៅថា ហ្វេសប៊ុកជាផលិតផលពាក់កណ្តាលសម្រេច ហើយអ្នកជំនាញបានប្រមានថា មុននិងជឿជាក់លើព័ត៌មានអ្វីមួយគេត្រូវស្វែងរកប្រភពបញ្ជាក់អះអាងពីព័ត៌មាននោះ ហើយបើចង់បន្សាបព័ត៌មានក្លែងក្លាយពួកអ្នកអាជីពខាងព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវ: ភ្លាមៗបន្ទាន់និងរួមគ្នាផ្សព្វផ្សាយឲ្យបានច្រើនដងដើម្បីឲ្យព័ត៌មានក្លែងក្លាយនោះសាបរលាបនិងគ្មានប្រសិទ្ធិក្នុងការបំភ័ន្តមតិសាធារណមតិ៕ ប្រភពCNC