អភិបាលរាជធានី ជំរុញឲ្យក្រុមហ៊ុន២ ដោះស្រាយបញ្ហា ដើម្បីបើកការដ្ឋានធ្វើផ្លូវ អ្នកឧញ៉ា ភក្តី សប្បុរសភោគាធិតី ហ៊ុន នាង

0
412

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន ជីប ម៉ុងគ្រុប និងតំណាងក្រុមហ៊ុន ING ដែលទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍន៍តំបន់ជើងឯក បើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីជំរុញឲ្យក្រុមហ៊ុន២នេះ ដោះស្រាយបញ្ហាលើការពន្លឿនបើកការដ្ឋានធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ឲ្យបានលឿន ។

គម្រោងស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មានទទឹង១៣ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១។ មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង ជាគម្រោងចាស់ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ផ្លូវនេះមានសារសំខាន់ ក្នុងការរំដោះចរាចរណ៍ចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន-ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង ។

ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនេះ បានជំរុញឲ្យក្រុមហ៊ុន ជីប ម៉ុងគ្រុប និងក្រុមហ៊ុន ING សម្របសម្រួលគ្នាដោះស្រាយបញ្ហាប៉ះពាល់ ដើម្បីពន្លឿននៃការបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតី ហ៊ុន នាង នេះឲ្យបានលឿន។ ក្នុងកិច្ចប្រជុំនោះ គឺបានឯកភាពឲ្យក្រុមហ៊ុន ING ជាអ្នកស្ថាបនាមហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង រួមនិងស្ពានឆ្លងកាត់ ខណៈដែលប្រជាពលរដ្ឋចំនួន១៣គ្រួសារ រងប៉ះពាល់នៃគម្រោងនេះ ។

គួរបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះ ត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ហើយការសាងសង់ផ្លូវមួយខ្សែថ្មីនេះ គឺក្នុងគោលបំណង២។ ទី១- ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២-ដើម្បីរៀបចំនិងសម្រួលឲ្យមានចរន្តសរសៃឈាម នៃការធ្វើចរាចរណ៍បានល្អប្រសើរ ពោលគឺពេលដែលប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំបាច់រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់សូគីម៉ិច ទើបមកតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២ នោះទេ។ គម្រោងផ្លូវថ្មីនេះ នឹងមានការតភ្ជាប់ជាមួយនឹងស្ពានមួយខ្សែដែលស្របជាមួយនឹងផ្លូវនេះ ឆ្លងកាត់ប្រឡាយចុះមកពីបឹងទំពុន ដែលត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here