(កណ្តាល) រពឹសដៃពេក ដេកគុក ព្រោះហ៊ានទៅស្ទាបអង្អែលកូនក្រមុំគេ គឺ នៅវេលាម៉ោង ២០និង១២នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោក ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បានអនុញ្ញាត្តឲ្យអធិការដ្ឋាននគរបាលស្រុកស្អាងឃាត់ខ្លួនឈ្មោះកុល សូវៀត ដើម្បីបន្ដអនុវត្តតាមនីតិវីធី ។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីប្រទូស្តកេរខ្មាស នេះកេីតហេតុ នៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅចំណុចក្រោមផ្ទះឈ្មោះស៊្រុន សុផល ស្ថិតក្នុងភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទ ស ន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាសិស្សថ្នាក់ទី៧ មានទីលំនៅភូមិព្រែកពោធិ ឃំុទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះកុល សូវៀត (ហៅវៀត)ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរចាប់ហ៊ួយ មានទីលំនៅភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែល បានបន្តថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង១១និង៣០នាទី ព្រឹកឈ្មោះ ទ ស ន កំពុងដេកឈឺ ក្ដៅខ្លួន នៅលើគ្រែក្រោមផ្ទះម្នាក់ឯងហើយ ឯឪពុក ម្ដាយ មិននៅផ្ទះ ពេលនោះឈ្មោះកុល សូវៀត បានចូលទៅយកដៃខាងស្ដាំស្ទាបក ស្ទាបដោះខាងស្ដាំ និងថើបថ្ពាល់ខាងស្ដាំ របស់ឈ្មោះទ ស ន រួចឈ្មោះកុល សូវៀត ដើរត្រឡប់មកផ្ទះខ្លួនវិញ ។
លុះមកដល់វេលាម៉ោង១៦ និង០០នាទី ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៨ ទើបឈ្មោះស្រ៊ុន សុផល(ជាម្តាយជនរងគ្រោះ) បានមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិទឹកវិល។
ក្រោយពេលទទួលបានព័ត៌មានពីម្តាយជនរងគ្រោះខាងលើ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានចុះទៅដល់កន្លែងកេីតហេតុ រួចបាននាំឈ្មោះកុល សូវៀត មកប៉ុស្តិ៍រដ្ឋបាល ដេីម្បីសាកសួរ។ នៅវេលាម៉ោង ២០និង១២នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បានអនុញ្ញាត្តឲ្យអធិការដ្ឋាននគរបាលស្រុកស្អាងឃាត់ខ្លួនឈ្មោះកុល សូវៀត ដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕