(ភ្នំពេញ) រថយន្តក្រុងចំនួន២០គ្រឿងដែលជាអំណោយរបស់ប្រទេសជប៉ុនតាមរយះអង្គការចៃការក្នុងជំហានទី១ បានមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំរើលើវិស័យដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី០៤ កក្កដា ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីពេញ តំណាងអង្គការចៃការនៃប្រទេសជប៉ុន បានអញ្ជើញចុះពិនិត្យនិងជិះសាកល្បងរថយន្តថ្មីនេះ ដែលបានរក្សាទុកនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញស្ថានភាពកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ប្រទេសចិនបានប្រគល់អោយ១០០គ្រឿង ហើយខាងអង្គការចៃការរបស់ប្រទេសជប៉ុនបានសម្រេចផ្តល់ជូន៨០គ្រឿង ដោយក្នុងនោះ ក្នុងជំហានទី១ ជប៉ុនផ្តល់អោយ ២០គ្រឿងនេះ ជំហានទី២បន្តប្រគល់ជូនចំនួន ២០គ្រឿង ទី៣ ចំនួន២០គ្រឿង និងទី៤ បំណាច់ឆ្នាំនេះប្រគល់ជូន២០គ្រឿងទៀតបង្គ្រប់តែម្តង។
នេះ ឯកឧត្តម បន្តថា បើយើងដំណើរការទៅបានរលូន ទទួលបានប្រជាពលរដ្ឋជិះកាន់តែច្រើន រួមនិងការបន្ថែមខ្សែរត់ទៀតនោះ ប្រទេសជប៉ុននឹងផ្តល់រថយន្តក្រុងមករាជធានីភ្នំពេញយើងចំនួន៦០គ្រឿងបន្ថែមទៀត ។ លោកបញ្ជាក់ថា មកដល់ពេលនេះសម្រាប់រាជធានីភ្នំពេញ មានខ្សែរត់របស់រថយន្តក្រុងចំនួន៩ខ្សែហើយ ហើយក្នុងចំនួន៩ខ្សែនេះមាន៤ខ្សែដែលប្រជាពលរដ្ឋ ពេញនិយមជិះ ។
ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងនេះកាត់បន្ថយ ហានិភ័យនៃការគ្រោះថ្នាក់បានច្រើន មានផាសុខភាព ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍរីកចំរើន ។លោកស្នើអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរទាំងអស់គ្នា ការចូលរួមរបស់បងប្អូនគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍប្រទេសជាតិ យើងអោយបានរីកចំរើនឆាប់រហ័ស។
លោកអ៊ាន សុឃីម ប្រធានរដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញឲ្យដឹងថា ការបង្កើតរថយន្តក្រុងឡើងនេះ គឺដោយសារតែកំណើនប្រជាជន ជាមួយកំណើនយានយន្តកើនឡើងខ្ពស់ទើបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី សម្រេចបង្កើតអោយមានរថយន្តក្រុងនេះឡើងនៅថ្ងៃទី០១ កញ្ញា២០១៤ ដោយមានរថយន្ត៥៧គ្រឿង ។ ក្រោយមកទៀតពោលគឺក្រោយពីទទួលអំណោយរថយន្តក្រុង១០០គ្រឿងពីប្រទេសចិនធ្វើអោយកំណើនខ្សែរត់កើនឡើងដល់៩ខ្សែដោយក្នុង១ថ្ងៃ មានអ្នកជិះចាប់ពី២០០០០នាក់ទៅ២១០០០នាក់ ហើយនៅពេលទទួលបានរថយន្តក្រុងពីជប៉ុន២០គ្រឿងក្នុងចំណោម៨០គ្រឿងទៀតណោះ រដ្ឋបាលរាជធានីនឹងបន្ថែមខ្សែរត់ផងដែរ ដែលអាច ដោះស្រាយ ការកកស្ទះចរាចរ បរិស្ថាន និងធ្វើអោយក្រុងមានភាពស៊ីវិល័យ ដល់ភ្ញៀវទេសចរមួយកម្រិតថែមទៀត៕