(ភ្នំពេញ) ភាពភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រលឹម ខណៈដែលបុរសម្នាក់ ក្រោយពីប្រពន្ធមានប្តីថ្មីម្យ៉ាង ខ្លួនមិនមានការងារធ្វើ និងម្យ៉ាងទៀតខូចចិត្តខ្លាំងក៏បាន
នាំកូនស្រីទើបអាយុ៧ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ធ្វើឲ្យខ្លួនឯងស្លាប់ ចំណែកកូនត្រូវបានសង្គ្រោះទាន់ពេល។
ហេតុការណ៍ពីរនាក់ឪពុកកូន លោតទឹកសម្លាប់ខ្លួននោះ បានបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អត្តឃាតជនជាឪពុក ដែលលិចទឹកបាត់ រកសពមិនទាន់ឃើញនោះ ឈ្មោះលី ទៀង អាយុ៣០ឆ្នាំ សព្វថ្ងៃគ្មានមុនរបរអីទេ ស្នាក់នៅជាមួយម្តាយបង្កើតឈ្មោះឆេង ហៀង អាយុ៥៤ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ផ្ទះជួលផ្លូវបេតុងភូមិ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកកូនស្រី ដែលមានសំណាង ត្រូវបានគេជួយស្រង់ពីទឹក ទាន់ពេលវេលានោះ ឈ្មោះទៀង លីហ្សា អាយុ៧ឆ្នាំស្នាក់នៅជាមួយគ្នា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញបុរសជាឪពុក បានដឹកដៃកូនស្រីរបស់ខ្លួន ដើរឡើងលើស្ពានជ្រោយចង្វាថ្មី លុះទៅដល់ពាក់កណ្តាលស្ពាន ស្រាប់តែឃើញបុរសជាឪពុកនោះ ចាប់ពរកូស្រីហក់ឡើងលើបង្កាន់ដៃស្ពាន ចំហៀងខាងត្បូង ខណៈនោះក៏មានអ្នកដំណើរភេទស្រី ឃើញពីសភាពបែបនោះ ក៏ប្រញ៉ាប់រត់មកជួយ ចាប់ទាំងពីរនាក់ឪពុកកូននោះដែរ តែមិនអាចចាប់ពួកគាត់ឈ្នះនោះ ហក់លោតទឹកទន្លេ មកខាងក្រោមតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែល២នាក់ឪពុក និងកូនលោតទឹកទន្លេ ហើយនោះក៏អ្នកនេសាទទូកចាម ដែលកំពុងតែនៅក្បែរនោះ បានប្រញ៉ាប់បើកទូកសំដៅទៅកន្លែង ដែលពីរនាក់ឪពុកកូនលោតសម្លាប់ខ្លួននោះ ក៏ប្រទះឃើញសក់ក្មេងស្រីអណ្តែតទឹក ក៏ចាប់ទាញស្រង់ដាក់មកលើទូក ទាន់ពេល រួចនាំនាងមកលើគោក ដើម្បីជួយសង្រ្គោះផងដែរ។