លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជា អធិបតី ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៦ ប្រគេន-ជូនដល់មន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ដ ក្នុងខេត្តស្វាយរៀង រសៀលថ្ងៃពុធ ១៥កើត ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា រយៈពេលកន្លងមកគណៈសង្ឃ នាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃ និងបានរួមចំណែក អភិវឌ្ឍន៍សង្គមទំាងខាងផ្នត់គំនិត គឺការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួម ចំណែកកសាងនូវសមិទ្ធផលនានាដូចជា ស្ពាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យជាដើម។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរ គណៈសង្ឃនាយកទាំងពីរគណៈ នៃខេត្តស្វាយរៀង ត្រូវចូលរួមដោះស្រាយនូវបញ្ហាដែលកើតមាន ក្នុងវិស័យព្រះពុទ្ធសាសនា និងនាំគ្នាដោះស្រាយចំពោះមុខ។ លោកជំទាវក៏បាន បន្ថែមថា ការពង្រឹងគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់ និងបច្ចេកវិទ្យាទំនើប ដើម្បីឲ្យកិច្ចការពុទ្ធសាសនា មានសណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជន ជាប្រការសំខាន់បំផុត។ “ពុទ្ធសាសនិកជន ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយតរៀងទៅ” ៕