ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ការស្ថាបនាសម្រេចបាន ៨៥%ហើយ អាចរួចរាល់នៅថ្ងៃទី៥ ខែមីនា ខាងមុខ

0
393

ភ្នំពេញ៖ ស្ពានថ្មើរជើងផ្សារដើមគរដែលមានបណ្ដោយប្រវែង២៧ម៉ែត និងទទឹងប្រវែង៣ម៉ែត្រ ជាលទ្ឋផលមកដល់ពេលនេះសម្រេចបាន ៨៥%ហើយ និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ដោយកាលពីរាត្រី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ដល់ម៉ោង ៦និង០០ព្រឹក ក្រុមការងារបានស្ទូចតម្លើងគ្រោងដែកតួស្ពានរួចរាល់។

ដើម្បីសុវត្ថិភាពនិងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុការដ្ឋានបានបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើនិងសូមអោយបងប្អូនប្រជាពលរដ្ឋពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក។

គួរំលឹកផងដែរកាលពីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការរាជធានីភ្នំពេញបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន២ទីតាំងគឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរសម្រាប់សិស្សានុសិស្សអាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ»។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ធ្នូកន្លងមកនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់តាមបែបសាសនាបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកដែលពិធីកាលណោះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឃួង​ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវ
ម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១
កន្លែង ហើយបើគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរនិងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញរូចរាល់រាជធានីភ្នំពេញ និងមានស្ពានអាកាសថ្មើរជើងចំនួន៥ទីតាំងដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕


ដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here