(ភ្នំពេញ) ប្រឡាយអូរអាគុជ គឺជាប្រឡាយមេបង្ហូរទឹកស្អុយយ៉ាងសំខាន់ សម្រាប់រំដោះទឹកចេញពីភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក៍ដូចជា ខណ្ឌសែនសុខ បន្តទៅកាន់ប្រឡាយ ៥៩៨ ខណៈនេះ កំពុងត្រូវបានគេចាក់ដីរំលោភយកយ៉ាងរំភើយ ហាក់ដូចជាគ្មានការមើលថែពីសំណាក់អាជ្ញាធរខណ្ឌ ឬ សង្កាត់សោះឡើយ ។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ប្រឡាយ អូរអាគុជ ជាប់ផ្លូវលេខ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ត្រូវបានគេចាក់បំពេញដើម្បីយកធ្វើជាកម្មសិទ្ធិ ហាក់មិនខ្លាចអ្វីសោះឡើយ។ ប្រជាពលរដ្ឋម្នាក់ រស់នៅតំបន់ក្បែរនោះប្រាប់ឲ្យដឹងថា៖ ការចាក់ដីរំលោភបំពានទៅលើប្រឡាយ អូរអាគុជនេះ គឺរូបគាត់ឃើញប្រហែលជាង ២០ថ្ងៃមកហើយ ដោយមិនដឹងថា ខាងណាជាអ្នកចាក់ដីលុបនោះទេ ។ ដូច្នេះពួកគាត់មិនដឹងជាធ្វើអ្វីនោះទេ គឺបានត្រឹមតែ ឈរមើល គេចាក់ដីលុបប្រឡាយតែប៉ុណ្ណោះ ។
ទោះបីយ៉ាងណាក្តី នៅពេលដែលឃើញគេចាក់ដីលុយប្រឡាយបង្ហូរទឹកបែបនេះ រូបគាត់មាន ការសោកស្តាយយ៉ាងក្រៃលេង ពីព្រោះថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ សម្រាប់បង្ហូរ និង រំដោះជំនន់ទឹកភ្លៀង ក៍ដូចជាប្រើប្រាស់ជាប្រចាំរបស់ប្រជាពលរដ្ឋ ផ្ទុយទៅវិញ កំពុងត្រូវបានអ្នកមានអំ ណាច ចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ ។
ជាមួយគ្នានេះពលរដ្ឋ សូមសំណូមពរ ឲ្យ អាជ្ញាធរខណ្ឌ សែនសុខ ជាពិសេស អាជ្ញាធរ រាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យ អន្តរាគមន៍ និងមានវិធានការទប់ស្កាត់ នូវជនខិលខូច ដែលមានបំណង រំលោភយកប្រឡាយអូរអាគុជធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះផង ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានឆ្លើយបំភ្លឺតាមរយះប្រព័ន្ធ (វើសស្អាប់ )Whatsapp កាលពីវេលាម៉ោង១២ និង១៨នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ថា ចំពោះប្រឡាយអូរអាគុជនេះ គឺរដ្ឋបាលខណ្ឌសែនសុខ តែងតែកាយពង្រីក ប៉ុន្តែដោយសារមានការបាក់ដី រហូតដល់ជិតបាក់របងដែលសង់លើដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋក្បែរនោះ ទើបរដ្ឋបាលខណ្ឌសែនសុខ ចាក់ដីទប់អោយរឹងវិញ នឹងកាយពង្រីកវិញនៅពេលក្រោយ ។
ចំពោះបញ្ហានេះ មតិមហាជនបានលើកឡើងថា ការចាក់ដីលុយរំលោភទៅលើប្រឡាយអូរអាគុជបែបនេះ បើកាលណាចាក់បំពេញបានសម្រេចហើយ គឺមិនងាយ
ស្រួលកាយបើកផ្លូវទឹកឡើងវិញនោះទេ៕