(ភ្នំពេញ) ដើម្បីបង្ករភាពងាយស្រួលដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិតាមសេវាកម្មរថយន្តក្រុងរាជធានីភ្នំពេញ រដ្ឋបាលសាលារាជធានីភ្នំពេញ ប្រកាសអោយប្រើប្រាស់កាតអេឡិកត្រូនិច ដើម្បីទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរម្តងដោយមិនបាច់ប្រើសាច់ប្រាក់ដោយផ្ទាល់នោះទេ។
ក្នុងពិធីប្រកាសដាក់អោយដំណើរការ ជាផ្លូវការ នៃការប្រើប្រាស់ទូទាត់សាច់ប្រាក់ប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណតរថយន្តក្រុង ទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា សេវាកម្មប្រើប្រាស់កាតអេឡិចត្រូនិក សំរាប់ទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរតាមរថយន្តក្រុងម្តង គឺវាបង្ករភាពងាយស្រួលដល់អ្នកដំណើរគ្រប់ប្រភេទ ទាំងជាតិ និងអន្តរជាតិ ហើយក៏បញ្ជាក់អោយបានឃើញកាន់តែច្បាស់ផងដែរពីការរីកចំរើនផ្នែកសេដ្ឋកិច្ចនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាចើប្រាក់នៅលើសេវាកម្មរថយន្តក្រុងនេះ គឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សហការជាមួយក្រុមហ៊ុនវីង ជាអ្នកលក់កាតអេឡិចត្រូនិកជូនអតិថិជន។ ដើម្បីបង្ករភាពងាយស្រួលដោយសារបច្ចុប្បន្នមានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។ លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសំរាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។
លោក អ៊ាន សុឃីម បញ្ជាក់ថា សំរាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសំរាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកំពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សំរាប់អ្នកដំណើរទូទៅ។
គួរបញ្ជាក់ថា ច្ចុប្បន្នមានរថយន្តក្រុងចំនួន១៥៥គ្រឿង រថយន្តលើផ្លូវសំខាន់ៗចំនួន៨ខ្សែ៕