សពអ្នកម្នាង អ៊ុក ផល្លា ត្រូវបានដង្ហែចេញពីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញយកទៅតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តីកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១៨ខែមិថុនានេះ ។ ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជូនទៅព្យាលបាលនៅថៃ។ មន្ត្រីបានឱ្យដឹងថា សម្តេចក្រុមព្រះ របួសបាក់ឆ្អឹងដងកាំបិត ស្រាំឆ្អឹងជំនី និងបាក់ជើងខាងឆ្វេង។
សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា នៅភូមិអូរតាសេក ឃុំអូរចំណារស្រុកព្រៃនប់ខេត្ដព្រះសីហនុខណៈដែលព្រះអង្គយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង អ៊ុក ផល្លា បានសោយទិវង្គត កាលពីម៉ោងជាង ១២រសៀលថ្ងៃទី១៧ខែមិថុនា។ចំណែកសម្តេចក្រុមព្រះបានរងរបួសធ្ងនើកំពុងសម្រាកព្យាបាលនៅមន្ទីររ៉ូយ៉ាល់ភ្នំពេញ។
គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកតូយូតាហាយលែនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿននិងវ៉ាជែងរថយន្តនៅពីមុខតែវ៉ាមិនផុតក៏វ៉ាក់អើហើយរេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះ តែម្តង។
កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះនិងអ្នកម្នាងក៏ធ្លាប់ជួបគ្រោះថ្នាក់ចរាចរម្តងដែរនៅផ្លូវជាតិលេខ៦ក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម។ពេលនោះអ្នកម្នាងអ៊ុកផល្លាបានរងរបួសធ្ងន់រហូតបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស៕