ពុលទៀតហើតនៅខេត្តក្រចេះ! មនុស្សក្មេងចាស់ជិត១០០នាក់ បានរងការពុលចំណីអាហារ

0
349

ក្រចេះ៖ បន្ទាប់ពីការពុលស្រាស នៅខេត្តក្រចេះ ហើយឥឡូវនេះ មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជិត១០០នាក់ បានរងការពុលចំណីអាហារ ដែលពួកគេបានបរិភោគពីក្នុងពិធីជួបជុំមួយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។ យ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា អ្នកជំងឺទាំងអស់បានធូរស្រាលអស់ហើយ ហើយក្រុមការងារជំនាញក៏កំពុងបន្តស្រាវជ្រាវរកមូលហេតុពិតផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវុត្ថា ប្រាប់អង្គភាពសារព័ត៌មានថា នៅព្រឹកថ្ងៃសៅរ៍នេះថា មានផ្ទុះករណីពុលជាថ្មីទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងទ្រាំង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋជាច្រើន មានអាការៈដូចៗគ្នា គឺ ឈឺពោះ ក្អួតចង្អោ អស់កម្លាំង ចំពោះកុមារមានរាគបន្ថែម។

ចំពោះការផ្ទុះករណីពុលជាថ្មី នៅក្នុងស្រុកចិត្របុរីនេះ លោក ឈ្នាង សុវុត្ថា បានបញ្ជាក់ថា អ្នកជំងឺទាំងអស់ បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្ដីពីការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី។ បែបណា លោកថា ក្រុមការងារឆ្លើយតបបន្ទាន់ កំពុងបន្តចុះធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដហើយ។

បើតាមប្រធានមន្ទីរ គិតត្រឹមម៉ោង៥៖០០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលរងការពុលសរុបមានចំនួន៧៥នាក់ ស្រី៣៩នាក់ ក្នុងនោះមានកុមារ៥៣នាក់។ លោកបន្តថា អ្នកជំងឺចំនួន៤០នាក់ ក្នុងនោះ មានស្រី២១នាក់ និងកុមារ២១នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈអ្នកជំងឺ៣៥នាក់ មានស្រី១៨នាក់ និងកុមារ២១នាក់ បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ចាប់តាំងពីដើមខែ រហូតមកទល់នឹងចុងខែឧសភានេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានរងការពុលជាបន្តបន្ទាប់ ដោយបានសម្លាប់មនុស្សផងដែរ។

កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅ មាន​ករណី​ពុល​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយបានសម្លាប់​ប្រជាពលរដ្ឋ​ចំនួន១៣នាក់ និង​ជាង២០០នាក់​ទៀត ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ។ ​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើមជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here