ភ្នំពេញៈ ពលរដ្ឋរាប់រយគ្រួសារ បន្ទាប់ពីដេកត្រាំត្រែងអស់រយៈពេលជាច្រើនថ្ងៃនៅក្រុងភ្នំពេហើយនោះ ពួកគាត់បានសម្រេចចិត្តដង្ហែក្បួនទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីសុំការអន្តរាគមន៍ ពីរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករស “ភ្នំពេញសូហ្គឺរ” របស់លោកឧកញ៉ា លី យ៉ុងផាត់។
ក្បួនដង្ហែរបស់ពលរដ្ឋជាង៣០០គ្រួសារ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មិនត្រូវបានអាជ្ញាធរហាមឃាត់ឡើយ ពោលគ្រាន់តែសម្រួលឲ្យមានរបៀបរៀបរយប៉ុណ្ណោះ ជៀសវាងបង្កការកកស្ទះ ឬបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងក្រុង។ ទោះជាបែបណានៅក្នុងហេតុការណ៍ហែក្បួននោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បានដាក់ពង្រាយ និងឃ្លាំមើលគ្រប់វិនាទី ក្នុងនោះក៏មានការរារាំងខ្លះៗដែរ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ពលរដ្ឋជាង៣០០គ្រួសារមកពីខេត្តកោះកុង ដែលដេកសម្រាកនៅក្នុងវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដង្ហែក្បួនចេញពីវត្តឆ្ពោះទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីដោយការថ្មើរជើង ក្រៅពីនោះពួកគាត់ក៏គ្រោងយកញត្តិទៅដាក់តាមស្ថាប័នជាតិមួយចំនួនឯទៀតផងដែរ ដើម្បីសុំការអន្តរាគមន៍ និងឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយសំណងជូនពួកគាត់ ដោយក្នុង១គ្រួសារទាមទារដី៣ហិកតា និងលុយ២៥០០ដុល្លារ៕