ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្វាគមន៍ចំពោះការមកដល់នៃអ្នកទេសចរចិន

0
360

 កាលពីឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ៥.៦លាននាក់ បានមក
ទស្សនាប្រាសាទបុរាណនានា ព្រមទាំងសម្រាកនៅតំបន់អេកូទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះ មានភ្ញៀវទេសចរចិន ចំនួនជាង ១.២លាននាក់ ឈរក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេស។ នេះជាការ លើកឡើងរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក្នុងឱកាសបើកវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរកម្ពុជាបានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប តំណាងឲ្យប្រមាណ៣០% នៃវិស័យសេវាកម្ម បានបង្កើតការងារប្រមាណជាង ២លាននាក់ ហើយតាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលក្នុងនោះនឹងមានទេសចរណ៍ចិនចំនួន ២លាននាក់។
ឯកឧត្តមយល់ថា វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក៏ស្ថិតនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និង ផ្លូវ » ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ ឯកឧត្ដម ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ វិស័យទេសចរណ៍ ក៏ជាការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ » ធ្វើឲ្យប្រជាជនយើងកាន់តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លួវនេះ» យើងបន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀតផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍។


ក្នុងឱកាសនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម ទូ ជាំង អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចាត់ទុកវេទិកាទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាពេលថាមានសារសំខាន់ក្នុងការធ្វើ កិច្ចការរួមគ្នាដើម្បីភាពលូតលាស់នៃវិស័យទេសចរណ៍រវាងប្រទេសជាតិទាំងពីរកម្ពុជា ចិន ជាពិសេសការជំរុញ អ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា និងទេសចរកម្ពុជាទៅទស្សនានៅប្រទេសចិនស្របតាមស្មារតីនៃកិច្ចប្រជុំ រវាងកម្ពុជា ចិនកាលពីព្រឹកមុិញស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនលើវិស័យទេសចរណ៍ ដោយក្នុងកិច្ច ប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរយៈពេលវែងឱ្យកាន់តែសុីជម្រៅក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ចិន។

វេទិកានេះនឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១ .ការពិភាក្សាអំពីនវានុវត្តភាពក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា តាមរយៈគោលនយោបាយគាំទ្រការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។ ទី២.ផ្តោតការពិភាក្សាគ្នាលើដំណើរផ្លូវឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅឆ្នាំ២០៣០ តាមរយៈកំណើននៃភ្ញៀវទេសចរចិន។ ទី៣. ពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ដោយត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង
ទី៤. វេទិកានឹងផ្តោតលើការជម្រុញការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ដើម្បីបង្កើនលំហូរទេសចរទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ដោយត្រូវបង្កើនការហោះហើរតភ្ជាប់ រវាងគោលដៅនានាឱ្យកាន់តែច្រើនថែមទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” បន្តការពង្រឹងសេវាកម្មពេលមកដល់ តាម
រយៈការសម្រួលទិដ្ឋាការ បែបបទចេញ-ចូល ពិសេសការសម្រួលការមកដល់របស់ទេសចរចិននៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here