សម្តេចតេជោ បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ព្រោះកុំឲ្យពលរដ្ឋយល់ច្រឡំ

0
272

ភ្នំពេញ ៖ សម្តេចតេជោ បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ព្រោះកុំឲ្យពលរដ្ឋយល់ច្រឡំ ក្រោយពីមានការលើកឡើងថា គ្រាប់មីននៅកម្ពុជាស្អុយអស់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ដែលនឹងនាំឲ្យមានគ្រោះថ្នាក់ ព្រោះបច្ចុប្បន្នអ្នករងគ្រោះដោយសារមីននៅតែកើតមានឡើងនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍ ក្នុងសន្និបាតជាតិវិស័យសកម្មភាពមីន ដែលបង្ហាញពីសមិទ្ធផលរយៈពេល២៥ឆ្នាំ នៃវិស័យកម្មភាពមីន បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋស្លាប់ និងរបួស ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមជាង ៦៤.៦៨៨នាក់ ព្រមទាំងបង្កសោកនាដកម្មដ៏ឈឺចាប់ មិនធ្លាប់មានពីមុនមក និងធ្វើឲ្យរាំងស្ទះ ដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ ។

សម្តេចតេជោបានថ្លែងក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ប្រើប្រាស់ផែនការយុទ្ធសាស្រ្តកម្មភាពមីនឆ្នាំ២០១៨-២០២៥ នៅរសៀលព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ថា “តើមានការបកស្រាយណាមួយដែលថា មីននៅកម្ពុជាស្អុយអស់ហើយនោះ ខ្ញុំគ្រាន់តែបានឃើញព័ត៌មានតែប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើមានបញ្ហានេះមែន ខ្ញុំសូមស្នើឲ្យមានការកែតម្រូវឲ្យបានច្បាស់ ឬការបកស្រាយឲ្យបានច្បាស់។ ពិតមែនហើយតាមដឹងខ្លះថា ខ្ញុំគ្រាន់តែបានមើលសារព័ត៌មានមុនដែលខ្ញុំចេញដំណើរមកតែប៉ុណ្ណោះថា មានប្រតិកម្មពីអគ្គនាយកស៊ីម៉ាក់ ជាមួយការលើកឡើងរបស់វាគ្មិនខ្លះគ្រាប់មីននៅកម្ពុជា ស្អុយអស់ហើយ”។

សម្ដេចបន្ដថា ទោះបីមានការបកស្រាយយ៉ាងណាក៏ដោយ ការកែច្នៃគ្រាប់មីនដាក់ក្នុងឈើចូលទៅជាមួយ ឈើវាអាចពុកផុយមែន ប៉ុន្ដែជាតិផ្ទុះវាមិនពុករលួយជាមួយនោះទេ ។ បញ្ហានេះ ត្រូវបកស្រាយឡើងវិញ ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយ ក្នុងចំណោមប្រជាពលរដ្ឋ ព្រោះសព្វថ្ងៃ រាជដ្ឋាភិបាលបានបង្កការងាយស្រួល ដើម្បីជៀសវាងកុំឲ្យពលរដ្ឋគ្រោះថ្នាក់ដោយសារតែគ្រាប់មីន។

សម្ដេចបន្ថែមថា សូម្បីតែរើសគ្រាប់ដែលមាននៅសល់ពីសម័យសង្គ្រាម ក៏មិនឲ្យប៉ះពាល់ផង។ នៅតំបន់ខ្លះទៀត ក្រុមការងារស៊ីម៉ាក់បានដោតតម្រុយកំណត់សម្គាល់តំបន់សម័យដែលមានគ្រាប់មីន មិនឲ្យពលរដ្ឋចូលទៅកាន់ទីនោះទេ ហើយស៊ីម៉ាក់បានទប់ស្កាត់ ធ្វើយ៉ាងណាដោះមីនរួច ទើបចែកដីឲ្យពួកគាត់ប្រកបអាជីវកម្មផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here