ឧកញ៉ា ហូ ចំរើន ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន

0
477

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំឧកញ៉ា ហូ ចំរើន ដោយសម្រេចចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។ ក្នុងដំណាក់កាល លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានសួរដេញដោលហើយបានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន។

ឧត្ដមសេនីយ៍ឯក និងជាឧកញ៉ា ហូ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីដែលបាញ់គំរាម ប្រពន្ធ ម្តាយនិង ឪពុក ក្មេក នៅក្នុងផ្ទះវិឡាផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅពេលនេះឧកញ៉ា ហូរ ចំរើន កំពុងស្ថិតនៅក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកំពុងរៀបចំបញ្ជូនទៅកាន់តុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here