ខេត្តកំពត៖ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ មានករណី ស្ត្រីរងគ្រោះម្នាក់ជាគ្រូបង្រៀននៅសាលាចិនបានមកដាក់ពាក្យប្តឹងទៅនគរបាលព្រហ្មទណ្ឌខេត្តកំពតថា មានសិស្សម្នាក់បានចាប់រំលោភគាត់ ខណៈពេលនាំគ្នាទៅដើរលេង ដែលស្ថិតនៅចំណុចជើងភ្នំកំពង់ត្រាច ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ហើយស្ត្រីរងគ្រោះខាងលើនោះមានអាយុ ២៥ឆ្នាំ ជាជនជាតិចិន មុខរបរគ្រូបង្រៀន ចំណែកឯក្មេងប្រុសសង្ស័យនេះឈ្មោះ ទឹម លីធាន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី៥ E រៀននៅសាលាចិនខាងលើ មានទីលំនៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច។
បើយោងតាមសំដីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុម៉ោងប្រហែល៥ជាងពេលល្ងាច ជនសង្ស័យបានបបួលរូបគាត់ទៅដើរលេង រួចរូបគាត់ និងជនសង្ស័យបានជិះម៉ូតូរបស់ជនសង្ស័យតែ២នាក់ទៅដល់កែប ក្រោយពេលជិះទៅដល់ ស្រាប់តែជនសង្ស័យនេះបានចាប់រំលោភរូបគាត់រហូតបានសម្រេច ក្រោយមកជនសង្ស័យក៏ដឹកគាត់មកដល់សាលាចិនវិញ រួចក៏ជិះម៉ូតូចេញទៅបាត់តែម្តង។
លុះដល់ព្រឹកឡើងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នេះគាត់ក៏មកដាក់ពាក្យបណ្តឹង ក្រោយពីទទួលបានពាក្យបណ្តឹងហើយ លោកអធិការស្រុកកំពង់ត្រាចបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើមកសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។
ក្រោយពីជនសង្ស័យសារភាពហើយ លោកអធិការស្រុកកំពង់ត្រាច នឹងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
ប្រភព៖ ផែននគរបាលព្រហ្មទណ្ឌខេត្តកំពត