ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោត សេដ្ឋីដែលជាការវិនិយោគរបស់ជនជាតិចិនបានបើកសម្ពោធ ដាក់ដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នាសណ្ឋាគារ ហ៊ីម៉ាវារី បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ចននី វង់ (Johnnie Wong)អគ្គនាយកក្រុមហ៊ុន ឆ្នោតសេដ្ឋី បានមានប្រសាសន៍នៅក្នុងឱកាសបើកសម្ពោធជាផ្លូវការថាក្រុមហ៊ុនឆ្នោតសេដ្ឋីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាហើយគោលបំណងនៃការបង្កើតឆ្នោតសេដ្ឋីនេះនៅកម្ពុជាគឺដើម្បីជួយបង្កើនភាពសប្បាយរីករាយក្នុងជីវ ភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានបន្តថា «ក្រុមហ៊ុនមានគោលគំនិតមួយ គឺយកអតិថិជនជាធំ គ្រប់គ្រងប្រកប ដោយភាពស្មោះត្រង់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ សុច្ចរិត យុត្តិធម៌ និងធានាថា មានការផ្តល់ជូនជារង្វាន់ ពិតៗ ទៅដល់អតិថិជន ដែលបានឈ្នះរង្វាន់ឆ្នោតពីក្រុមហ៊ុនឆ្នោត សេដ្ឋី» ។
យ៉ាងណាក៏ដោយ លោកអគ្គនាយក ក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនឆ្នោត សេដ្ឋីនិង ធ្វើខ្លួនជាក្រុមហ៊ុនឆ្នោតមួយ ដែលផ្តល់សេវាកម្ម ឲ្យបានល្អ ជូនអតិថិជន ដើម្បីទទួលបានការស្រលាញ់ចូលចិត្ត និង គាំទ្រដ៏ច្រើនលើសលប់ ពីអតិថិជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជា។
លោក ចននី វង់ បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមានសេវាកម្មទិញ និងប្ដូររង្វាន់តាមរយៈ អនឡាញ ដែលអាចទិញ តាមរយៈទូរស័ព្ទដៃផ្ទាល់ និងតាមរយៈភ្នាក់ងារ របស់ក្រុមហ៊ុន សេដ្ឋី ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា។ ដោយជំហានដំបូង ក្រុមហ៊ុនឆ្នោតសេដ្ឋី បានសហការ ជាមួយ ក្រុមហ៊ុន អ៊ីម៉ានី ដែលអាចឲ្យអតិថិជន បញ្ចូលទឹកប្រាក់ ក៏ដូចជាប្ដូរយករង្វាន់ ជាសាច់ប្រាក់ផ្ទាល់ តាមរយៈក្រុមហ៊ុន អ៊ីម៉ានី ហើយជំហានបន្ទាប់ ក្រុមហ៊ុនឆ្នោត សេដ្ឋី នឹងសហការជាមួយក្រុមហ៊ុន ផ្តល់សេវាកម្មផ្ញើប្រាក់ដទៃទៀត ឲ្យអតិថិជន កាន់តែមានភាពងាយស្រួល៕
ប្រភពអត្ថបទ៖ កម្ពុជាថ្មី