ភ្នំពេញ៖ ជិត០៣ខែមកហើយ ដែលជនល្មើស០២នាក់ ជាឃាតករសម្លាប់មនុស្ស ក្នុងឆាកប្រយុទ្ធកាប់ចាក់ កាលពីវេលាយប់ម៉ោង ០១និង១០នាទី ថ្ងៃទី២៥ ឈានចូល២៦ ខែ១២ ឆ្នាំ២០១៧ នៅចំណុច ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានរត់គេចពីសំណាញ់ច្បាប់។
នៅទីបំផុត ឃាតករទាំង០២នាក់ ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយ មូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ, ខណ្ឌដូនពេញ និង ខណ្ឌឬស្សីកែវ ធ្វើការប្រម៉ាញ់ចាប់បាន តាមអំណាច ដីកាបញ្ជាឱ្យចូលខ្លួន របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លេខ០៨៣/២០១៨ អ.យ.ឋ និង ០៨៤/២០១៨ អ.យ.ឋ ក្នុងករណី ប៉ុនប៉ងឃាតកម្ម (បច្ចុប្បន្នជនរងគ្រោះបានស្លាប់) ។
ជនសង្ស័យទី១. ឈ្មោះ ចាន់ វ៉ាន់ណូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខ ត្រូវបានអាវុធហត្ថ ឃាត់ខ្លួននៅចំណុចមុខ សាលាអន្តរជាតិផ្លេននីង ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ និងជនសង្ស័យទី២. ឈ្មោះ ចាន់ វ៉ាន់ណេត ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ត្រូវបានអាវុធហត្ថឃាត់ខ្លួន នៅចំណុច ផ្លូវបេតុង រោងចក្រសាំផាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គឺរំលឹកដែរថា កាលពីវេលាយប់ម៉ោង ០១និង១០នាថ្ងៃទី២៥ ឈានចូល២៦ ខែ១២ ឆ្នាំ២០១៧ នៅចំណុច ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីបើកការប្រយុទ្ធមួយកើតឡើង រវាងក្រុមក្មេងទំនើង០២ក្រុម ប្រដាប់ដោយ ដាវ ដំបង ដុំថ្ម បណ្តាលឲ្យជនរងគ្រោះ០២នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ និងស្លាប់បាត់បង់ជីវិតម្នាក់ព្រោះរបួសធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន។
ជនរងគ្រោះទាំង០២នាក់មានឈ្មោះ
១. ហេង ចិត្តា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣១៩ ភូមិ សែនសុខ ៥ សង្កាត់ ឃ្មួញ (របួសធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន ក៏បណ្តាលឲ្យស្លាប់)
២.ឈ្មោះ ប្រាក់ សុខុន ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ រដ្ខាក រទឹកស្នាក់នៅ កន្លែងកើតហេតុខាងលើ (របួសមាត់ដេរ១០ថ្នេរ, ម្រាមដៃឆ្វេងដេរ១០ថ្នេ និង ម្រាមដៃស្តាំដេរ០៥ថ្នេរ)។
រីឯឃាតករដៃដល់ បានរត់គេចខ្លួនបាត់ស្រមោលតាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក៏ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមប្រម៉ាញ់ចាប់បាន និងបញ្ជូនឲ្យអធិការខណ្ឌសែនសុខដែលជាម្ចាស់ករណី កសាង សុំណុំរឿងបញ្ជូនទៅតុលាការ។
ប្រភព៖ Phnom Penh Gendarmerie Vs #PhnomPenhGRK