កំពត ៖ នេះជាករណីថ្មីតែសំណុំរឿងហាក់ដដែលៗ ស្នេហាវ័យក្មេងខាងប្រុសប្រកែកខាងស្រីប្រកាន់ចុងក្រោយជាប់ចោទពីបទរំលោភ។ បើយោងតាមប្រភពពីសមត្ថកិច្ចស្រុកទឹកឈូ បានចាប់ខ្លួនបុរសម្នាក់ ដែលលួងលោមធ្វើសកម្មភាពចាប់រំលោភលើនារីម្នាក់ បានសម្រេចពីរដង ហើយធ្វើឲ្យនារីនោះសន្លប់នៅលើអង្រឹង កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តព្រៃទប់ ភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ការចាប់ខ្លួនបុរសសង្ស័យរូបយោងតាមពាក្យប្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ។
ប្រភពដដែលបានអោយដឹងទៀតថា ៖ ជនសង្ស័យឈ្មោះ ឌឿង ឡា អាយុ១៧ឆ្នាំ ជាកម្មករដាក់កន្ត្រកវិល មានទីលំនៅនៅភូមិបាក់ត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ អ.ស.អ អាយុ១៥ឆ្នាំ រស់នៅភូមិកើតហេតុ។ តាមការសារភាពពីជនសង្ស័យបាននិយាយថា ៖ ពួកគេទាំងពីរនាក់ បានស្គាល់គ្នាតាមរយៈការលេងហ្វេសប៊ុក និងឈានដល់មានទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយដល់ថ្ងៃទី១៤ ខែមីនា នៅវត្តព្រៃទប់ មានរៀបចំកម្មវិធីបុណ្យបញ្ចុះសីមា រយៈពេលបីថ្ងៃ ហើយនៅយប់ថ្ងៃទី១៤ ខែមីនានោះ ជនសង្ស័យបានយកកន្ត្រកវិលមកដាក់នៅវត្តនៅដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជួលជិះលេងកម្សាន្ត គាប់ជួនផ្ទះក្មេងស្រីរងគ្រោះក៏នៅក្បែរវត្តនោះដែរ ហើយពួកគេទាំងពីរនាក់ក៏បានណាត់មកជួបគ្នាដោយផ្ទាល់ដើម្បីបានសារសងស្នេហ៍ក្មេងខ្ចីនេះ តែជាអកុសលខាងស្រីសន្លប់ទើបមានការឆោឡោឡើង ហើយឪពុកម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ឈានដល់ការចាប់ខ្លួនតែម្តង។ ជនសង្ស័យបានបញ្ជាក់ទៀតថា ពួកគេគ្មានការបង្ខិតបង្ខំអ្វីទេ ពោលគឺគេព្រមព្រៀងតាមសំរួលហើយឈានដល់ការរួមរ័ក្សបានសម្រេច ២ដងឯណោះ៕