ខេត្តកណ្តាល៖ ទីបំផុតករណីសំលាប់ស្រ្តីម្នាក់ហើយដាក់ក្នុងធុងទឹកកកនិងយកទៅប្លុងចោលនៅចំណុចគល់ស្ពានព្រែកតាអ៊ុងទី២ តាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិអន្លុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចកំណត់ច្បាស់ហើយថាជាករណីឃាតកម្មនិងកំពុងស្រាវជ្រាវ វែកមុខ ឈានដល់ការឃាត់ខ្លួនជនបង្ករដើម្បីយកមកកាត់ទោសតាមច្បាប់តែម្តង។
តាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា ៖ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ សមត្ថកិច្ចក៏បានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកក ពណ៌ក្រហម មានចាក់សោ ពណ៌ខ្មៅ បន្ទាប់មក សមត្ថកិច្ចបានកាត់ត្រចៀកធុងទឹកកកនោះ ក៏បានប្រទះឃើញសាកសពមនុស្សស្រី ពុំមានសម្លៀកបំពាក់គួរឱ្យភ្ញាក់ផ្អើលបំផុត ។ នគរចរាចរណ៍ប្រចាំគោលដៅ ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលស្រុក ដោយមានការសហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេសខេត្ត និងនាយកដ្ឋានបច្ចេកទេសកោសល្យវិច្ឆ័យ និងវិទ្យាសាស្ត្រ (អគ្គស្នងការដ្ឋាននគរបាលជាតិ) បានធ្វើការពិនិត្យសាកសពស្ត្រីរងគ្រោះ។
បើតាមការពិនិត្យជាក់ស្តែងបានឃើញមានដូចជា សាកសពមនុស្សស្រី អាយុចន្លោះពី២៨ ទៅ៣៥ ឆ្នាំ មានកម្ពស់១,៥០ ម៉ែត្រ ។ នៅក្នុងធុងទឹកកកដាក់សាកសពមានសម្ភារដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ មានស៊ីមទូរស័ព្ទ១ កាំបិតចិត បន្លែចុងស្រួច ដងធ្វើពីឈើបាក់ផ្លែ១ អាវក្រៅពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១ ខ្សែភ្លើងមានឌុយ១ អាវទ្រនាប់ពណ៌ផ្កាឈូក១ ដបទឹកបរិសុទ្ធ១ រ៉ូបពណ៌ផ្កាឈូក១ មានប្រឡាក់ឈាម កន្សែងពោះគោពណ៌.សឆ្នូត១ ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ ស្បៃដុសខ្លួន ១ ។
ដោយឡែក លើផ្ទៃមុខសាកសព ខាងស្តាំមានស្នាមបាញ់ស្ព្រាយ (ថ្នាំពណ៌ខ្មៅ ) មានស្នាមរបួស គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូង និងលើពោះ២០កន្លែង ធ្លុះ៧កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួស បបូរមាត់ខាងស្តាំ១ កន្លែង របួសច្រមុះខាងស្តាំ១ កន្លែង ស្នាមរោលខ្លោចរលាត់ ស្បែកខាងក្រោយខ្នង ស្នាមរោលខ្លោចកំបះគូថ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១ កន្លែង រលាត់ស្បែកជង្គង់ខាងស្តាំ១ កន្លែង ៕