ក្រសួងការបរទេសរបស់រុស្សីបាននិយាយកាលពីថ្ងៃពុធកន្លងមកនេះថា ខ្លួនសង្ឃឹមថា បណ្តាប្រទេសលោកខាងលិចនឹងមិនចូលរួមជាមួយនឹងប្រទេសអ៊ុយក្រែនដើម្បីបង្កភាពតានតឹងកាន់តែខ្លាំងនៅតំបន់ Kerch និង ទីក្រុងKiev នោះឡើយ ។
ប្រទេសអ៊ុយក្រែនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមានគម្រោងបញ្ជូននាវាចម្បាំងទៅកាន់កំពង់ផែសមុទ្រ Azov តាមច្រក Kerchរួចហើយ បើទោះបីជាប្រទេសរុស្សីបានចាប់នាវាទ័ពជើងទឹកចំនួនបី និង ក្រុមនាវិករបស់ខ្លួននៅក្នុងតំបន់នោះ កាលពីខែវិច្ឆិកាហើយក្តី ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Gavin Williamson បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីសប្តាហ៍មុន ដោយលោកបានប្រាប់សមភាគីអ៊ុយក្រែនរបស់លោកថា សមុទ្រខ្មៅ (Black Sea) មិនមែនជាកម្មសិទ្ធិរបស់រុស្សីនោះឡើយ ហើយថា ប្រទេសអង់គ្លេសបានបញ្ជូននាវាកងទ័ពជើងទឹកទៅកាន់ទីនោះហើយដែរ ដើម្បីបង្ហាញថា ទីក្រុង Kiev មិនឈរនៅតែឯងនោះដែរ ៕