បរទេស៖ យន្ដហោះរ៉ុកកែតរបស់ក្រុមហ៊ុន Virgin Galactic បានធ្វើដំណើរទៅដល់ទីអវកាស បន្ទាប់ពីការធ្វើតេស្តហោះហើរអស់រយៈពេលជាច្រើនឆ្នាំ ដោយយន្ដហោះ VSS Unity នេះ បានក្លាយជាយន្ដហោះដឹកអ្នកដំណើរដំបូងបង្អស់ ដែលហោះផុតបរិយាកាសផែនដីចូលទៅក្នុងលំហអាកាស ។
ការធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង២,៥ដង បានធ្វើឱ្យយន្តហោះ VSS Unity ហោះដល់រយៈកម្ពស់៨២.៧គីឡូម៉ែត្រពីលើផែនដី ដែលរដ្ឋាភិបាលអាមេរិកទទួលស្គាល់ថា កម្ពស់៨០គីឡូម៉ែត្រពីផែនដី គឺជាចុងបង្អស់នៃបរិយាកាស ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ មានន័យថា ក្រុមហ៊ុន Virgin Galactic អាចនឹងបញ្ជូនអ្នកដំណើរដែលមានបំណងទៅទស្សនាលំហអាកាសក្នុងពេលឆាប់ៗនេះ ដែលក្រុមហ៊ុនខិតខំប្រឹងប្រែងចាប់តាំងពីការបើកក្រុមហ៊ុននៅឆ្នាំ២០០៤មក ។
សូមជម្រាបផងដែរថា កាលពីថ្ងៃព្រហស្បតិ៍្តសប្តាហ៍នេះ យន្តហោះ VSS Unity បានវិលត្រលប់មកផែនដីវិញដោយសុវត្ថិភាព ខណៈសម្រាប់តម្លៃក្នុងការធ្វើដំណើររយៈពេល៩០នាទី អ្នកដំណើរត្រូវចំណាយ២៥០.០០០ដុល្លារក្នុងម្នាក់ ប៉ុន្តែយ៉ាងណាមិញ ការហោះហើរដោយផ្ទុកអ្នកដំណើរលើកដំបូងបង្អស់ អាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ៕