ក្រសួងការបរទេសកាណាដាបានប្រកាសថា ជនជាតិកាណាដាទី២ ដែលត្រូវអាជ្ញាធរចិនហៅទៅសាកសួរ កំពុងបាត់ខ្លួន

0
264

ក្រសួង​ការបរទេស​កាណាដា នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ថា ក្រសួង​មិន​អាច​ទាក់ទង​លោក Michael Spavor អ្នកជំនួញ​កាណាដា​បាន​ទេ ចាប់តាំង​ពី​អ្នកជំនួញ​រូប​នេះ​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កាណាដា​ថា លោក​ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ដោយ​អាជ្ញាធរ​ចិន។

លោកស្រី Chrystia Freeland រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា​បាន​ប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​ធ្នូ ២០១៨​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជនជាតិ​កាណាដា​ទី២ អាច​នឹង​មាន​បញ្ហា​នៅក្នុង​ប្រទេស​ចិន។ ការ​បញ្ជាក់​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ចិន​បាន​ចាប់​ឃុំខ្លួន​លោក Michael Kovrig អតីត​មន្រ្តី​ទូត​កាណាដា នៅ​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ។

លោក Guillaume Berube អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កាណាដា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដីពី​ការបាត់ខ្លួន​ជនជាតិ​កាណាដា គឺ​លោក Spavor អ្នកជំនួញ​ដែល​ស្នាក់នៅ​ក្រុង Dandong ភាគខាងជើង​ប្រទេស​ចិន។ លោក​បាន​ប្រាប់​សារព័ត៌មាន AFP ថា “យើងដឹងថា ជនជាតិ​កាណាដា​ម្នាក់ ឈ្មោះ Michael Spavor បច្ចុប្បន្ន​នេះ កំពុង​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន”។

សូម​បញ្ជាក់​ថា ការ​ចាប់ខ្លួន និង​ការបាត់ខ្លួន​ជនជាតិ​កាណាដា​ទាំង ២​រូប​នេះ គឺ​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោកស្រី Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei អស់រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​ហើយ។ លោកស្រី​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ កាលពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ ដោយ​បង់ប្រាក់​ធានា​ចំនួន ៧,៥​លាន​ដុល្លារ៕ប្រភពKlay Klay

LEAVE A REPLY

Please enter your comment!
Please enter your name here