នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។ ការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្ដាសារព័ត៌មានអឺរ៉ុប និងនៅចំពេលដែលប្រជាជនលីប៊ី កំពុងរស់នៅក្នុងភាពវឹកវរ បន្ទាប់ពីពួកគេបានអបអរសារទរចំពោះអន្តរាគមន៍យោធាបរទេស ក្នុងការផ្ដួលរលំរបបហ្គាដាហ្វី។
ប្រធានាធិបតីបារាំង «សោកស្តាយដែលបារាំង ចូលរួមទម្លាក់មេដឹកនាំ ហ្គាដាហ្វី ចេញពីអំណាច» នៅលីប៊ី ធ្វើឲ្យប្រទេសនេះបែកជាពីរ និងប្រជាជនរងទុក្ខវេទនាបំផុត! ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានចាត់ទុកថា ការធ្វើអន្តរាគមន៍យោធារបស់បារាំង ដើម្បីផ្ដួលរំលំរបបដឹកនាំហ្គាដាហ្វីនៅលីប៊ី កាលពីឆ្នាំ២០១១ គឺជាកំហុសឆ្គងមួយ ហើយថា លោកមិនចង់ឃើញបារាំងដើរតាមគន្លងចាស់នេះនៅស៊ីរីឡើយ។ បារំាងគឺជាប្រទេសដំបូងគេ ដែលបានវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងកងកម្លំាងរដ្ឋាភិបាលស្របច្បាប់លីប៊ី រីឯសហរដ្ឋអាមេរិក និងអង់គ្លេសក៏បានរួមគំនិត នៅក្នុងអន្តរាគមន៍យោធានេះដែរ។
ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថា «សម្រាប់ខ្ញុំ វានឹងក្លាយជាទីបញ្ចប់នៃទម្រង់អភិរក្សនិយមហួសសម័យនៅបារាំង អស់រយៈពេលជាង១០ឆ្នាំមកនេះ។ លិទ្ធិប្រជាធិបតេយ្យ មិនមែនកើតឡើងចេញពីប្រជាពលរដ្ឋដែលគ្មានចំណេះដឹងនោះទេ។ បារាំងមិនបានចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ាក់ ព្រោះបារាំងមានហេតុផលរបស់ខ្លួន។
ក៏ប៉ុន្តែបារាំងបែរជាបានប្រព្រឹត្តកំហុស ចំពោះការធ្វើសង្រ្គាមនៅលីប៊ីទៅវិញ ហើយតើអ្វីទៅជាលទ្ធផលនៃ សង្រ្គាមនេះ? នោះគឺការកកើតឡើងនៃពួកភេរវករ ដូច្នេះខ្ញុំមិនចង់ឃើញរឿងបែបនេះកើតជាថ្មីនៅស៊ីរីឡើយ»។ គួររំលឹកថា កាលពីឆ្នាំ២០១១ ដោយផ្អែកលើការរំលោភសិទ្ធិមនុស្ស បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំរបស់ លោក កាដាហ្វី។ ប៉ុន្តែក្រោយរបប កាដាហ្វី ដួលរលំ លីប៊ីមិនបានទទួលសន្តិភាពសូម្បីតែបន្តិច ផ្ទុយទៅវិញបែរជាប់ផុងនៅក្នុងជម្លោះរុំារ៉ៃ រហូតដល់ប្រទេសជាតិត្រូវបែកចេញជាពីរ ខណៈប្រជាជនលីប៊ីមួយចំនួនចាប់ផ្ដើមនឹកស្រណោះដល់លីប៊ី ក្រោមការគ្រប់គ្រងរបស់លោក កាដាហ្វី ដែលនៅកាលណោះលីប៊ី ជាប្រទេសមាន GDP និងសេដ្ឋកិច្ចរីកចំរើនជាងគេបំផុត នៅអាហ្រ្វិកខាងជើង។
ខាងក្រោមនេះជាសាររបស់យុវជនស៊ីរី (ស៊ីរី)៖ យុវជនស៊ីរី ដែលចេញធ្វើបដិវត្តន៍ពណ៌មុនគេ ប្រឆាំងរបបប្រធានាធិបតី អាសាឌ សោកស្ដាយពេលឃើញប្រទេសធ្លាក់ដុនដាប បែបនេះ «បើសិនជាខ្ញុំដឹង ដូចដែលខ្ញុំឃើញនៅពេលនេះ ខ្ញុំនឹងមិនធ្វើទេ» ប្រទេសស៊ីរីដែលស្ថិតនៅតំបន់មជ្ឈឹមបូព៌ា បើយើងក្រឡេកទៅមើលមុនឆ្នាំ២០១១ ប្រជាជនប្រទេសស៊ីវីល័យមួយនេះ រស់នៅដោយ សុខក្សាន្ដជាទីបំផុត ប្រជាជនដើរហើរមានសេរីភាព មានសណ្ដាប់ធ្នាប់ និងពោរពេញទៅដោយសុភមង្គលក្នុងគ្រួសារ ក្រោមការដឹកនាំរបស់ ប្រធានាធិបតីលោក អាល់ អាសាឌ ដោយនៅទីក្រុង រថយន្ដបើកបរតាមដងផ្លូវយ៉ាងមមាញឹក អមដោយអគារខ្ពស់ៗ ទីផ្សារ ហាងលក់ទំនិញ និងការសំឡេងមនុស្សសប្បាយគ្រប់ទីកន្លែង។
ប៉ុន្ដែក្រោយពេលប្រជាជនស៊ីរី មួយផ្នែកបានចាប់ផ្ដើមបោះបោរ ប្រឆាំងជាមួយរបបប្រធានាធិបតី អាសាឌ តាមរយៈការធ្វើបដិវត្តន៍ពណ៌នោះ បានរុញច្រានប្រទេស ក្នុងតំបន់មជ្ឈឹមបូព៌ាមួយនេះ ឈានទៅរកសង្គ្រាមបន្ដិចម្ដងៗ រហូតផ្ទុះកាន់តែខ្លាំងលើផ្ទៃប្រទេសទាំងមូល បណ្ដាលឲ្យ ជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ និងរាប់លាននាក់រងផលប៉ះពាល់ និងត្រូវបានជម្លៀសចេញទៅកាន់ប្រទេសដទៃ ខណៈដែលប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទី ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ បច្ចុប្បន្នប្រជាជនស៊ីរី កំពុងតែរស់នៅក្នុងភាពវេទនាយ៉ាងពន់ពេក ដោយសារតែការផ្ទុះសង្គ្រាមបាន និងកំពុងកើតឡើង ដោយមិនទាន់រកថ្ងៃបញ្ចប់នៅឡើយទេ។
ឥឡូវនេះសូម្បីតែសិទ្ធិសេរីភាព នៃការដើរហើរក៏គ្មាន ព្រោះពោរពេញដោយសមរភូមិ សូម្បីនិយាយពីក្តីសប្បាយរីករាយ ក៏មិនហ៊ាននឹកដល់ព្រោះជុំវិញខ្លួនព័ទ្ធដោយកងទ័ព សព្វាវុធគ្រប់ប្រភេទ ត្រៀមធ្វើសង្គ្រាមគ្រប់ពេលវេលា។ មិនហ៊ាននឹកដល់យុត្តិធម៌សង្គម និងសេរីភាពនៃការបញ្ចេញមតិ ព្រោះសូម្បីតែជីវិតរបស់ខ្លួនក៏រក្សាមិនគង់ មិនដឹងថា ត្រូវស្លាប់នៅពេលណាផង ហើយសូម្បីតែទីជម្រកដែលខ្លួនរស់នៅក៏ត្រូវបានកម្ទេចដែរ។ នេះគឺជាលទ្ធផលនៃការផ្លាស់ប្តូរដោយតក់ ក្រហល់ក្រោមឥទ្ធិពលបរទេសនៅពីក្រោយខ្នង។ ដោយសារតែស្ថានភាពប្រទេសខ្ទេចខ្ទីបែបនេះ យុវជនដែលដឹកនាំបដិវត្តន៍ពណ៌មុនគេម្នាក់ បានចេញមកទទួលស្គាល់ការពិត និងបង្ហាញការសោកស្ដាយយ៉ាងពន់ពេក ហើយនិយាយថា បើសិនជាដឹងថា ប្រទេសរបស់ខ្លួន ជួបស្ថានការបែបនេះ រូបគេនឹងមិនធ្វើចលនាបដិវត្តន៍នេះឡើយ។
យុវជន Mouawiya Syasneh ដែលជាសិស្សសាលាស៊ីរី ដែលបានចាប់ផ្តើមចលនាប្រឆាំងលោកប្រធានាធិបតី អាល់ អាសាឌ នៅប្រទេសស៊ីរី មុនគេបង្អស់ នៅឆ្នាំ២០១១ បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែត The Daily Telegraph របស់អង់គ្លេសដែលសួរថា «បើសិនជាដឹងថា ស្ថានភាពប្រទេសខ្លួនដូចបែបនេះ ពួកគេនឹងចាប់ផ្តើមចលនាបះបោរនេះដែរទេ?» យុវជននេះឆ្លើយថា៖ «បើសិនជាខ្ញុំដឹង ដូចដែលខ្ញុំដឹងនៅពេលនេះ ខ្ញុំគិតថា ខ្ញុំនឹងមិនធ្វើទេ។ ខ្ញុំមិនបានគិតថា វាដល់ថ្នាក់ហ្នឹងឡើយ។ ខ្ញុំមិនបានគិតថាឪ ពុកខ្ញុំ ហើយនឹងឪពុករបស់កុមាររាប់ពាន់នាក់ទៀត នឹងត្រូវបានសម្លាប់ឡើយ។ ខ្ញុំស្តាយណាស់ដែលមនុស្សស្លូតត្រង់ជាច្រើន ត្រូវស្លាប់យ៉ាងនេះ»។ វិប្បដិសារីនេះ មិនមែនមានសម្រាប់តែប្រជាជនស៊ីរីទេ ពលរដ្ឋនៅក្នុងប្រទេសលីប៊ី អេហ្ស៊ីប ទុយនីស៊ី អ៊ីរ៉ាក់ជាដើម ដែលចង់បានការផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ពណ៌ ការជ្រៀតជ្រែករបស់បរទេស មានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែភាពសោកស្តាយនេះ មិនអាចជួយឱ្យមាតុភូមិខ្លួនវិលត្រឡប់ទៅរកសភាពដើមវិញឡើយ។ ទោះបីចង់ឲ្យប្រទេសជាទីស្រឡាញ់របស់ខ្លួន និងជីវិតសាច់ញាតិខ្លួន បានវិលមកភាពដើមមកវិញ ក៏ហួសពេលហើយដែរ។ គ្មានពាក្យអ្វីក្រៅពីពាក្យថាសោកស្តាយឡើយ»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ Human Right Watch នៅខែមេសា ឆ្នាំ២០១៧ បានបង្ហាញថា សង្គ្រាមនៅប្រទេសស៊ីរី ដែលបានផ្ទុះឡើយរយៈពេលជាង៦ឆ្នាំ ពោលតាំងពីឆ្នាំ២០១១មកនោះ បានសម្លាប់ប្រជាជនស៊ីរី ជិតកន្លះលាននាក់ ភៀសខ្លួនទៅក្រៅប្រទេសជាង៥លាននាក់ និងផ្លាស់ទីជម្រកក្នុងប្រទេសជាង៦លាននាក់។ នេះហើយសង្គ្រាម ដូច្នេះសូមចូលរួមទប់ស្កាត់សង្គ្រាមទាំងអស់គ្នា ៕ ប្រភព mediakhmer