ពេលនេះ សហរដ្ឋអាមេរិក កំពុងធ្វើឲ្យផ្ទុះសង្រ្គាមពាណិជ្ជកម្មសកលលោកហើយ

0
954

អន្តរជាតិ:  លោក យ៉ង ក្លត យង់ឃើ ប្រធានគណៈកម្មាធិការអឺរ៉ុប បាននិយាយថា បណ្តាប្រទេសប្លុកអឺរ៉ុប នឹងបោះជំហានទៅមុខជាមួយនឹងការតំឡើងតម្លៃពន្ធដែលគេរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៧.៥ពាន់លានដុល្លារ ហើយពួកគេនឹងលើកករណីមួយនេះ ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ផងដែរ ។

 

លោក យង់ឃើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នសហរដ្ឋអាមេរិក ធ្វើឲ្យពួកលោកដើរដល់ផ្លូវទាល់ដោយគ្មានជម្រើស ប៉ុន្តែពួកលោកនឹងលើកករណីមួយនេះ ទៅកាន់ WTO ក៏ដូចជាអនុម័តតួនាទីបន្ថែមទៀត លើការនាំចូលជាច្រើនពីសហរដ្ឋអាមេរិក ។

កាលពីថ្ងៃព្រហ្បត្តិ៍ម្សិលមិញនេះ សហភាពអឺរ៉ុប កាណាដា និងម៉ិកស៊ិក បាននិយាយថា ពួកគេនឹងឆ្លើយតបនឹងការតំឡើងតម្លៃពន្ធសហរដ្ឋអាមេរិក មកលើដែក និងអាលុយមីញ៉ូម ជាមួយនឹងវិធានការទណ្ឌកម្ម មានគោលដៅមកលើផលិតផលអាមេរិក ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ។

ដោយឡែក លោកស្រី គ្រីស្ទីយ៉ា ហ្វ្រ៊ីលែន គឺជារដ្ឋមន្រ្តីការបរទេសកាណាដា បានបង្ហាញឲ្យឃើញផងដែរ ពីផែនការសងសឹករបស់ប្រទេសមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍ ។

លោកស្រី បាននិយាយថា កាណាដា នឹងដាក់តម្លៃពន្ធលើទំនិញសហរដ្ឋអាមេរិក ដែលរួមមានទាំងដែក និងអាលុយមីញ៉ូម។ ទំនិញខ្លះនឹងគិតពន្ធ១០ភាគរយ ហើយទំនិញខ្លះទៀតនឹងគិតពន្ធ២៥ភាគរយ ។ ទឹកប្រាក់ទំហំ១២.៨ពាន់លានដុល្លារ នឹងក្លាយជាកម្មវត្ថុ នៃការតំឡើងតម្លៃពន្ធ ពោលគឺស្មើនឹងទំហំទឹកប្រាក់សរុបនៃដែក និងអាលុយមីញ៉ូ ដែលបាននាំចេញទៅកាន់សហរដ្ឋអាមេរិកមកាលពីឆ្នាំមុន ។

អំឡុងសន្និសីទកាសែត លោកស្រី ហ្វ្រ៊ីលែន បានទទូចសុំឲ្យមានការសងសឹក វិធានការពាណិជ្ជកម្មខ្លាំងបំផុត ដែលកាណាដាធ្លាប់បានចាត់ ក្នុងយុគសម័យក្រោយសង្រ្គាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here