ទ្រាំនិងទង្វើរបស់ទាហានអ៊ីស្រាអែលមិនបាន តួកគីប្រកាស​ដកមន្ត្រី​ទូតពី តែលអាវីវ និងវ៉ាស៊ីនតោន ព្រមទាំង​ហៅអ៊ីស្រាអែល​ថា «រដ្ឋភេរវករ​ដែលប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍»

0
250

(អង់ការ៉ា)៖ ​ក្រោយពីមានការរ​បាញ់សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ក្នុងតំបន់​ហ្កាហ្សា ដោយទាហាន​អ៊ីស្រាអែលកាលពីម្សិលមិញមកប្រធានាធិបតី​តួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) បានហៅការ​បាញ់សម្លាប់ប្រជាជន​ប៉ាឡេស្ទីន ក្នុងតំបន់​ហ្កាហ្សា ដោយទាហាន​អ៊ីស្រាអែល​ គឺជាទង្វើប្រល័យ​ពូជសាសន៍ និងចាត់ទុកអ៊ីស្រាអែល​ថា រដ្ឋភេរវករ។ មិនតែប៉ុណ្ណោះ វាជាប្រតិកម្មដំបូងរបស់​លោក Erdoğan បានកោះហៅ​អគ្គរដ្ឋទូតរបស់​ខ្លួន​ប្រចាំសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល ត្រឡប់មក​ស្រុកវិញ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​របស់​លោក Erdoğan កើតមានឡើង​ក្រោយមាន​សេចក្ដីរាយការណ៍ថា ទាហាន​អ៊ីស្រាអែល បានបាញ់​សម្លាប់ក្រុម​បាតុករប៉ាឡេស្ទីន ៥៥នាក់ និង​របួសជិត ៣,០០០នាក់ នៅក្នុងអំឡុង​បាតុកម្មតវ៉ា​ ប្រឆាំងនឹងការបើក​សម្ពោធស្ថានទូត​អាមេរិកថ្មី នៅទីក្រុង​ហ្សេរុយសាឡឹម កាលពី​ថ្ងៃចន្ទ។

ថ្លែងទៅកាន់​ស្ថានីយ៍​ទូរទស្សន៍ NTV ប្រធានាធិបតី​​តួកគីរូបនេះ បានគូស​បញ្ជាក់​ដូច្នេះ​ថា «តួកគីនឹងធ្វើ​​សកម្មភាពឆ្លើយ​ចំពោះទង្វើ​ដ៏​សាហាវ​នេះ។ យើងនឹងដកអគ្គរដ្ឋទូត​របស់យើងពី​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងតែល​អាវីវ ត្រឡប់មកវិញដើម្បី​ពិគ្រោះ​យោបល់។ យើងស្នើផងដែរ​ ឱ្យមានការកោះ​ប្រជុំក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ ជាបន្ទាន់ហើយនឹ​ងពិភាក្សាជាមួយ​បណ្ដាមេដឹកនាំ​ដទៃទៀត»។

គួរជម្រាបថា បើទោះជាមាន​ការរិះគន់​ពីសំណាក់សហគមន៍​អន្តជាតិក៏ដោយ ក៏សហរដ្ឋអាមេរិក​បានបើកសម្ពោធ​ជាផ្លូវការ នូវស្ថានទូតថ្មីរបស់ខ្លួនក្នុង​ទីក្រុង​ហ្សេរុយសាឡឹម ជាការអនុវត្តន៍​តាមពាក្យសន្យា​របស់លោក ដូណាល់ ត្រាំ ដែលទទួល​ស្គាល់ទីក្រុង​មួយនេះ ជាកម្មសិទ្ធិ​របស់​អ៊ីស្រាអែល​ផ្ដាច់មុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here