សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដែលហៅកាត់ថា FIFA បានប្រកាសថាសមាជិកនៃក្រុមបាល់ទាត់ប្រទេសថៃ Wild Boars ទាំង ១២ រូប និងរួមទាំងគ្រូបង្វឹករបស់ពួកគេមួយរូបដែរនោះនឹងមិនបានចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះទេ ព្រោះសុខភាពរបស់ពួកគេមិនទាន់ល្អប្រសើរគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោកដ៏ធំមួយនេះ។
ក្រុមកីឡាករថៃដែលមានគ្នា ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់ដែរនោះបានធ្វើឲ្យកក្រើកដល់ពិភពលោក បន្ទាប់ពីពួកគេបានចូលទៅលេងនៅក្នុងរូងភ្នំមួយនៅឯភាគខាងជើងនៃប្រទេសថៃ និងបានជាប់នៅក្នុងរូងនោះអស់រយៈពេល ១៧ ថ្ងៃទើបចេញមកវិញរួច ក្រោយមានការជួយយ៉ាងស្វិតស្វាញពីសំណាក់អ្នកជំនាញជាច្រើននាក់ ខណៈដែលនៅក្នុងប្រតិបត្តិការសង្គ្រោះនេះដែរបានធ្វើឲ្យបាត់បង់ជីវិតអតីតកងទ័ពជើងទឹកថៃម្នាក់។
ហើយនៅពេលដែលគេបានរកឃើញក្រុមកីឡាករក្មេងៗទាំងនោះនៅក្នុងរូងភ្នំ និងដឹងថាពួកគេនៅមានជីវិត ពេលនោះក៏មានសេចក្ដីរាយការណ៍មកថាពួកគេនឹងត្រូវបានអញ្ជើញឲ្យចូលរួមទស្សនាដោយផ្ទាល់នូវការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន World Cup ដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ១៥ កក្កដា ខាងមុខនាទីក្រុងមូស្កូ ប្រទេសរុស្ស៊ី។ តែទោះជាយ៉ាងណា បន្ទាប់ពីពួកគេទាំង ១៣ នាក់នោះត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំបានដោយសុវត្ថភាព ស្រាប់តែ FIFA ប្រកាសថាពួកគេនឹងជួបជាមួយសហព័ន្ធកីឡាបាល់ទាត់របស់ថៃ ប៉ុន្តែចំណែកក្រុមកីឡាករក្មេងៗទាំង ១២ រូប និងគ្រូបង្វឹករបស់ពួកគេនឹងមិនអាចធ្វើដំណើរទៅចូលរួមទស្សនាការប្រកួតពាន World Cup វគ្គផ្ដាច់ព្រ័ត្របានទេ ក្រោមហេតុផលបញ្ហាសុខភាព។ “FIFA ចង់បង្ហាញនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះព័ត៌មាននៃការជួយសង្គ្រោះកីឡាករបាល់ទាត់វ័យក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ។” សេចក្ដីថ្លែងការណ៍មួយរបស់ FIFA បានសរសេរ។ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់ដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះដែលជាអកុសលបានឆក់យកជីវិតអ្នកមុជទឹកម្នាក់។ ហើយយើងត្រូវបានប្រកាសឲ្យដឹងជាមុនដោយសហព័ន្ធកីឡាបាល់ទាត់របស់ថៃថាដោយសារបញ្ហាសុខភាព ដូច្នេះក្រុមកីឡាករក្មេងៗទាំងនោះនឹងមិនអាចធ្វើដំណើរទៅកាន់ទីក្រុងមូស្កូដើម្បីចូលរួមទស្សនាការប្រកួតពាន World Cup វគ្គផ្ដាច់ព្រ័ត្របានទេ។ ប៉ុន្តែយើងនឹងស្វែងរកឱកាសផ្សេងទៀតដើម្បីអញ្ជើញពួកគេចូលរួមក្នុងព្រឹត្តិការណ៍របស់ FIFA ។ យើងក៏នឹងមានជំនួបមួយជាមួយសហព័ន្ធបាល់ទាត់ថៃនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនោះផងដែរ។”
ប្រែសម្រួល ៖ ភក្ដី