ក្រុមកាំភ្លើងធំ Arsenal បានឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើនៃក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ គឺកីឡាករ Lucas Torreira ពីក្រុម Sampdoria ដោយតម្លៃខ្លួនក្នុងការផ្ទេរមិនត្រូវបានគេបង្ហើបឲ្យដឹងឡើយ។ កីឡាករវ័យ ២២ ឆ្នាំបានបង្ហាញខ្លួនគ្រប់ទាំង ៥ ប្រកួតឲ្យអ៊ុយរ៉ូហ្គាយសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះនៅប្រទេសរុស្ស៊ីមុនពេលដែលពួកគេបានធ្លាក់ត្រឹមវគ្គ ៨ ក្រុមក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិបារាំង។ Torreira នឹងត្រូវបាន Arsenal ឲ្យពាក់អាវលេខ ១១ ខណៈដែលលេខនេះពីមុនត្រូវបានពាក់ដោយខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil ដែលបានប្ដូរទៅពាក់លេខ ១០ វិញ។
Torreira នឹងចូលរួមជាមួយក្រុមកីឡាកររបស់ Arsenal នាដើមខែសីហាខាងមុខ ខណៈដែលគ្រូបង្វឹករបស់ Arsenal គឺលោក Unai Emery ដែលជាអ្នកចាប់អារម្មណ៍នាំយកកីឡាកររូបនេះចូលក្នុងកីឡដ្ឋាន Emirates បាននិយាយថា ៖ “ទិញបាន Lucas Torreira គឺមានន័យថាយើងទិញបានកីឡាករវ័យក្មេងមួយរូបដែលមានទេព្យកោសល្យលេចធ្លោ និងជាខ្សែបម្រើដែលមានសមត្ថភាពបំផុតម្នាក់។”
ប្រែសម្រួល ៖ ភក្ដី