ក្រុមអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើខ្សែបម្រើ Arthur ពីក្រុមនៃលីកកំពូលរបស់ប្រេស៊ីល Gremio ជាមួយនឹងកុងត្រាដែលមានតម្លៃ ៣១ លានអឺរ៉ូ និងបូកប្រាក់បន្ថែមផ្សេងៗ ៩ លានអឺរ៉ូទៀត។ កីឡាករវ័យ ២១ ឆ្នាំ Arthur បានចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះ បន្ទាប់ពីក្លិបទាំងសងខាងបានឈានដល់កិច្ចព្រមព្រៀងគ្នាតាំងពីខែមីនាមកម្ល៉េះទាក់ទងជាមួយការផ្ទេរកីឡាកររូបនេះ។
ការប្រកាសឲ្យដឹងអំពីដំណឹងនៃការចុះហត្ថលេខាលើ Arthur គឺកើតឡើងក្រោយតែមួយថ្ងៃប៉ុណ្ណោះដែល Barcelona បានបញ្ចូលខ្សែបម្រើ Paulinho ទៅឲ្យក្លិបចិន Guangzhou Evergrande ខ្ចីជើង បន្ទាប់ពីកីឡាករនៃក្រុមជម្រើសជាតិប្រេស៊ីលរូបនេះផ្លាស់មកលេងនៅកីឡដ្ឋាន Camp Nou បានមួយរដូវកាល។ Arthur បានចូលរួមជាមួយក្រុម Gremio កាលពីឆ្នាំ ២០១០ និងបង្ហាញខ្លួនលើកដំបូងរបស់គាត់ឲ្យក្លិបនោះនៅក្នុងឆ្នាំ ២០១៥ ដែលកាលនោះគឺគាត់មានអាយុ ១៨ ឆ្នាំ។ ហើយពីមុនមកគាត់ធ្លាប់ត្រូវបានកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលដែរ ប៉ុន្តែមិនធ្លាប់បានចូលលេងទេ។
ប្រែសម្រួល ៖ ភក្ដី