បារាំង អ៊ុយរុយហ្គាយ នឹងប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2018 នាម៉ោង ៩យប់នេះ។ បារាំង ក្រុមលោក Didier Deschamps នឹងអវត្តមានខ្សែបម្រើ Blaise Matuidi ដោយសារជាប់បម្រាម។ កីឡាករដែលទំនងជាអាចជំនួស Matuidi បាន គឺ Corentin Tolisso។
អ៊ុយរុយហ្គាយ ខ្សែប្រយុទ្ធ Edinson Cavani ដែលស៊ុត២គ្រាប់ទម្លាក់ក្រុមព័រទុយហ្គាល់ កាលពីវគ្គ ១៦ក្រុមចុងក្រោយ ទំនងជាមិនអាចចូលលេងបាននោះទេ ដោយសាររបួសសាច់ដុំកំភួនជើង។ Cristhian Stuani ទំនងជាចាប់ដៃជាមួយ Luis Suarez ក្នុងតំបន់ប្រយុទ្ធ ជំនួសកន្លែង Cavini។
ក្រុមទាំង២ ធ្លាប់ជួបគ្នា ៦ដង ដែលជាលទ្ធផលគឺអ៊ុយរុយហ្គាយ ឈ្នះ ២ដង និងស្មើគ្នា ៤ដង។ ជួបគ្នាចុងក្រោយ ក្នុងជំនួបមិត្តភាពឆ្នាំ ២០១៣ គឺអ៊ុយរុយហ្គាយ ឈ្នះ បារាំង ១-០ ស៊ុតបញ្ចូលទីដោយ Luis Suarez។ បើគិតតែនៅ World Cup គឺក្រុមទាំង២ ធ្លាប់ជួបគ្នា ៣ដងរួចមកហើយ (World Cup 1966, 2002, 2010) ជាលទ្ធផលគឺ អ៊ុយរុយហ្គាយ ឈ្នះ១ដង និងស្មើ២ដង (ប្រកួតក្នុងពូលទាំង ៣ប្រកួត)។
- អ៊ុយរុយហ្គាយ ឡើងវគ្គ ៨ក្រុម ២ដងចុងក្រោយ គឺឈ្នះទាំង២ដង ((១៩៧០ និង ២០១០)។ លើកចុងក្រោយដែលក្រុមនេះ ចាញ់វគ្គ ៨ក្រុមចុងក្រោយ គឺកាលពីឆ្នាំ ១៩៦៦។
- បារាំង ខកខានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីឆ្នាំ ២០០៦ មក។
- បារាំង មិនធ្លាប់ចាញ់ក្រុមមកពីអាមេរិកខាងត្បូងនោះទេ ក្នុង ៩ប្រកួតចុងក្រោយ (ឈ្នះ៥ ស្មើ៤) ដែលក្នុងនោះ មាន ៧ប្រកួតដែលបារាំង អាចទប់មិនឲ្យគេស៊ុតបញ្ចូលទី (clean sheet)៕