លោក Diego Maradona បានស្នើសុំដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនដោយមិនយកប្រាក់ខែ បន្ទាប់ពីក្រុមជម្រើសជាតិដែលមកពីទ្វីបអាមេរិកឡាទីនមួយនេះបានធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្រោមថ្វីជើងរបស់ក្រុមខ្លាំងនៅអឺរ៉ុបគឺក្រុមជម្រើសជាតិបារាំង។ អាហ្សង់ទីនបានកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមបានទាំងលំបាកវេទនាតាមរយៈការឈ្នះក្រុមជម្រើសជាតិនីហ្សេរីយ៉ា ប៉ុន្តែរឿងគួរឲ្យសោកស្ដាយនោះគឺថាពួកគេត្រូវបានបារាំងទម្លាក់ឲ្យត្រលប់ទៅផ្ទះវិញ ក្រោមលទ្ធផលបរាជ័យ ៤ គ្រាប់ទល់នឹង ៣ ។
ចំណែកអតីតវីរបុរសរបស់អាហ្សង់ទីន លោក Maradona ដែលក្នុងនាមគាត់ជាឯកអគ្គរដ្ឋទូតរបស់ FIFA គឺគាត់បានចូលរួមទស្សនាដោយផ្ទាល់គ្រប់ការប្រកួតទាំងអស់ដែលជម្រើសជាតិរបស់ខ្លួនលេង។ ហើយបន្ទាប់ពីអាហ្សង់ទីនបានធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុម គាត់ក៏បានស្នើសុំធ្វើជាគ្រូបង្វឹកដឹកនាំជម្រើសជាតិអាហ្សង់ទីនដោយមិនយកប្រាក់កម្រៃអ្វីទាំងអស់ ខណៈដែលកាលពី ៨ ឆ្នាំមុនគាត់ធ្លាប់ដឹកនាំអាហ្សង់ទីនឡើងដល់វគ្គ ៨ ក្រុមនៃការប្រកួតពាន World Cup មុនពេលធ្លាក់មកវិញដោយសារចាញ់អាល្លឺម៉ង់ ៤-០ ។
ហើយដោយមានមន្ទិលសង្ស័យជុំវិញអនាគតរបស់គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនគឺលោក Jorge Sampaoli ដែលកុងត្រារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ ២០២២ នោះ Maradona ក៏ត្រូវបានគេសួរថាតើគាត់ចាប់អារម្មណ៍នឹងតំណែងជាគ្រូជម្រើសជាតិអាហ្សង់ទីនដែរឬយ៉ាងណា? ភ្លាមនោះគាត់តបទៅវិញយ៉ាងដូចច្នេះថា ៖ “បាទ! ពិតជាចាប់អារម្មណ៍ ហើយខ្ញុំនឹងធ្វើដោយមិនយកកម្រៃអ្វីទាំងអស់។ ខ្ញុំនឹងមិនទាមទារការតបស្នងឡើយ។”
ប្រែសម្រួល ៖ ភក្ដី