Real Madrid បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​រវាង​ពួក​គេ​ និង​ Neymar

0
368

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ច្រាន​ចោល​នូវ​​ការ​ចុះ​​ផ្សាយ​របស់​ទូរទស្សន៍​​អេស្ប៉ាញ​ដែល​បាន​​រាយការណ៍​​ថា​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St-Germain និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​កីឡាករ​ Neymar ។ បច្ចុប្បន្ន​ស្ថិត​ក្នុង​វ័យ​ ២៦ ឆ្នាំ​, Neymar ដែល​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ចុះ​ហត្ថលេខា​ទិញ​ពី​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​ផោន​​រូប​នេះ​​បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​ចំនួន​ ២ គ្រាប់​នៅ​ឯ​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ និង​​បាន​ជួយ​ឲ្យ​ប្រេស៊ីល​​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​។

ដោយ​ឡែក​ទាក់ទិន​នឹង​​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ទឹក​ដី​ Bernabeu ក្រុម​ Real Madrid បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ៖ “ពត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​បុស្ដិ៍​ទូរទស្សន៍​​ TVE គឺ​ខុស​​ពី​ការ​ពិត​ទាំង​ស្រុង​។ ក្រុម​ Real Madrid មិន​បាន​ធ្វើ​ការ​ដាក់​សំណើ​ណា​មួយ​ទាល់​តែ​សោះ​ទៅ​កាន់​​ក្រុម​ PSG ឬ​​កីឡាករ​ដូច​ដែល​​ពួក​គេ​បាន​ចុះ​ផ្សាយ​។” គួរ​បញ្ជាក់​ផង​ដែរ​ថា​បុស្ដិ៍​ទូរទស្សន៍​​ TVE ដែល​ជា​បុស្ដិ៍​ទូរទស្សន៍​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​រដ្ឋាភិបាល​អេស្ប៉ាញ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ Real Madrid បាន​ដាក់​សំណើ​រហូត​ដល់​ទៅ​​ ៣១០ លាន​អឺរ៉ូ​ដើម្បី​សុំ​ដេញ​ថ្លៃ​ទិញ​យក​ Neymar ដែល​តម្លៃ​នេះ​នឹង​យក​​ឈ្នះ​​លើ​កំណត់ត្រា​ដែល​ត្រូវ​បាន​បំបែក​​រួច​កាល​ពី​គាត់​ចុះ​ចូល​ជាមួយ​ PSG កាល​ពី​មួយ​ឆ្នាំ​មុន​។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចូល​ទីក្រុង​ប៉ារីស​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២៨ គ្រាប់​​ពី​ការ​បង្ហាញ​ខ្លួន​ ៣០ ប្រកួត​​ឲ្យ​ PSG ។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here