ក្រុម Roma បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើអាហ្សង់ទីន Javier Pastore ពីក្រុមយក្សបារាំង Paris Saint-Germain ជាមួយនឹងកុងត្រារយៈពេល ៥ ឆ្នាំ។ Pastore កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានយល់ព្រមចុះចូលជាមួយ Roma ដែលជាក្រុមនៃលីកកំពូលរបស់អ៊ីតាលីក្នុងតម្លៃខ្លួនផ្ទេរ ២១.៨ លានផោន។ គាត់បានមកដល់ទីក្រុងរ៉ូមដើម្បីធ្វើតេស្ដសុខភាពកាលពីរសៀលថ្ងៃច័ន្ទ មុនពេលបញ្ចប់ការផ្ទេររបស់គាត់ជាផ្លូវការ។ PSG បានមានមហិច្ឆតាក្នុងការលក់ Pastore ក្នុងគោលបំណងជៀសពីការគាបសង្កត់ពីច្បាប់ Financial Fair Play របស់ UEFA ។
ហើយមុនពេលបញ្ចប់ការផ្ទេរមក Roma, Pastore ត្រូវបានគេដឹងថាគាត់មានការចរចារគ្នាជាមួយក្រុមញញួរយក្ស West Ham United កាលពីដើមខែនេះ ប៉ុន្តែទំនងជាមកពីកីឡាកររូបនេះមានការទាមទារខ្ពស់ពេកទើបបានជាការផ្ទេរមិនបានឈានដល់ការព្រមព្រៀង។ Pastore បានចុះចូលជាមួយ PSG កាលពីឆ្នាំ ២០១១ ដោយការផ្ទេរចេញពីក្រុម Palermo ។ គាត់រកគ្រាប់បាល់បញ្ចូលទីបាន ៤៥ គ្រាប់ពីការបង្ហាញខ្លួនសរុបទាំងអស់ ២៦៥ ប្រកួតឲ្យ PSG ដែលគាត់នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ។
ប្រែសម្រួល ៖ ភក្ដី