ក្រុមជម្រើសជាតិជប៉ុន និងសេណេហ្គាល់នៅតែរក្សាបានល្អនូវក្ដីសង្ឃឹមដើម្បីឈានទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ បន្ទាប់ពីក្រុមទាំង ២ បានបញ្ចប់សមរភូមិប្រយុទ្ធគ្នាជាមួយលទ្ធផល ២ ស្មើ ខណៈដែលជប៉ុនបានហក់ទៅឈរលើកំពូលតារាងនៃពូល H របស់ពួកគេ។ ខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកស៊ុតគ្រាប់នាំមុខបានសម្រេចឲ្យសេណេហ្គាល់ មុនពេលការតាមស្មើមកវិញពីសំណាក់កីឡាករ Takashi Inui របស់ជប៉ុន។ បន្ទាប់មកខ្សែការពារវ័យ ១៩ ឆ្នាំ Moussa Wague បានទម្លុះសំណាញ់ទីគ្រាប់ទី ២ ឲ្យសេណេហ្គាល់ ដោយពួកគេគិតថានេះនឹងជាគ្រាប់ជ័យជម្នះ ប៉ុន្តែគួរឲ្យសោកស្ដាយ ក្រោយពីការស៊ុតតាមបាន ២ ស្មើពីសំណាក់កីឡាករបម្រុង Keisuke Honda ដែលបានប្ដូរចូលជំនួសកីឡាករលេខ ១០ Shinji Kagawa ។ ជប៉ុន និងសេណេហ្គាល់ពេលនេះមាន ៤ ពិន្ទុនៅក្នុងដៃដូចគ្នា បន្ទាប់ពីបញ្ចប់ការប្រកួតបាន ២ ប្រកួតរួចមក ខណៈដែលប្រកួតចុងក្រោយគឺជប៉ុនត្រូវជួបប៉ូឡូញ ចំណែកសេណេហ្គាល់នឹងប៉ះគ្នាជាមួយក្រុមមកពីអាមេរិកឡាទីន កូឡុំប៊ី។
ប្រែសម្រួល ៖ ភក្ដី