ខ្សែបម្រើ Paul Pogba ចង់ជួយឲ្យក្រុមជម្រើសជាតិបារាំងរបស់គាត់ឈ្នះពាន World Cup ឆ្នាំ ២០១៨ ខណៈដែលគាត់ទំនងជានឹងមិនចូលរួមជាមួយជម្រើសរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនាពេលអនាគតទៀតទេ។ ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានជួយបារាំងទទួលជ័យជម្នះលើអូស្ដ្រាលី និងប៉េរ៉ូសម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល C នៃការប្រកួតពាន World Cup និងបានកក់កៅអីឡើងវគ្គ ១៦ ក្រុមទាំងនៅសល់មួយប្រកួតទៀតក្នុងដៃ។
ហើយនៅថ្ងៃអង្គារខាងមុខនេះបារាំងនឹងត្រូវប៉ះគ្នាជាមួយក្រុមលេខ ២ ក្នុងពូលរបស់ពួកគេ គឺក្រុមជម្រើសជាតិដាណឺម៉ាក ខណៈដែលទម្រង់លេងរបស់ Pogba ជាថ្មីម្ដងទៀតកំពុងត្រូវបានស្ថិតក្រោមការរិះគន់។ តែទោះជាយ៉ាងណា Pogba ថាគាត់មិនខ្វល់ជាមួយអ្វីដែលអ្នករិះគន់របស់ខ្លួននិយាយនោះទេ ប៉ុន្តែជំនួសមកវិញគឺគាត់បានផ្ដោតសំខាន់ទៅលើការជួយឲ្យបារាំងលើកពាន World Cup ។ “ប្រហែលជានេះគឺជាឱកាសចុងក្រោយហើយដែលខ្ញុំមានវត្តមាននៅ World Cup ។” កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានប្រាប់អ្នកយកពត៌មាន។ “ហើយយើងសុទ្ធតែមិនដឹងដូចគ្នា។ ខ្ញុំពិតជាពេញចិត្តចំពោះខ្លួនឯង។ ខ្ញុំនឹងបំភ្លេចចោលនូវពាក្យរិះគន់ និងលះបង់គ្រប់យ៉ាងដើម្បីក្រុមជម្រើសជាតិបារាំងរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ឈ្នះពាន World Cup នេះណាស់។”
នៅពេលត្រូវបានគេសួរថាហេតុអ្វីគាត់និយាយថា World Cup ឆ្នាំ ២០១៨ នេះអាចនឹងជាឱកាសចុងក្រោយសម្រាប់គាត់ Pogba បានឆ្លើយតបទៅវិញថា ៖ “ខ្ញុំមានភាពប្រាកដនិយមចំពោះការពិតមួយដែលថាវាអាចនឹងក្លាយជាព្រឹត្តិការណ៍ប្រកួត World Cup ចុងក្រោយសម្រាប់ខ្ញុំ។ យើងមិនអាចដឹងឡើយថានឹងមានអីកើតឡើងនៅថ្ងៃស្អែក។ ប្រហែលជាខ្ញុំអាចនឹងរបួស ឬមួយក៏មានកីឡាករណាផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិជាមួយគ្នានេះគាត់មានភាពលេចធ្លោជាងខ្ញុំ។ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្លួនខ្ញុំអាចបង្ហាញខ្លួននៅ World Cup បានច្រើនជាងមួយដង ខណៈដែលកីឡាករខ្លះមិនបានបង្ហាញខ្លួនសូម្បីតែមួយដងផងនៅ World Cup ក្នុងអាជីពរបស់ពួកគេ។”
ប្រែសម្រួល ៖ ភក្ដី