(ម៉ូស្គូ) ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ព័រទុយហ្គាល់ ឈ្នះម៉ារ៉ុក ១-០ ឡើងឈរកំពូលតារាងនៃពូល B ចំណែកអ៊ុយរ៉ាហ្គាយ កក់កៅអីទៅវគ្គក្រុម ខណៈអេស្បាញ បំបាក់ អ៉ីរ៉ង់។
ទី១៖ ព័រទុយហ្គាល់ ជាមួយ ម៉ារ៉ុក
អតីតក្រុមជើងឯកអឺរ៉ុប ព័រទុយហ្គាល់ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក ១-០។ ជោគជ័យនេះ ធ្វើឲ្យព័រទុយហ្គាល់ ទទួលបាន ៣ពិន្ទុលើកទី១ បន្ថែមពីលើប្រកួតលើកទី១ ដែលទទួលបានមួយពិន្ទុ ឡើងទៅឈរកំពូលតារាងនៃពូល B បណ្តោះអាសន្ននៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក ៣-១ កាលពី World Cup 1986 នៅប្រទេសមិចស៊ិក ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២ បន្ទាប់ពីអេហ្ស៊ីប ដែលជ្រុះចេញពី World Cup 2018 មុនគេ ក្រោយចាញ់២ប្រកួតដូចគ្នា។ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម Joao Moutinho។ គ្រាប់ពីការតែតនេះជាគ្រាប់ទី៤ របស់កីឡាករវ័យ ៣៣ឆ្នាំ Ronaldo ។
ទី២៖ អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានក្លាយជាក្រុមទី២ ដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។ ១គ្រាប់ជ័យជម្នះរបស់ក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ កើតឡើងនៅនាទីទី២៣ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Luis Suarez ៣ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យអ៊ុយរ៉ាហ្គាយ បន្តឈរនៅលេខ២ ក្នុងពូល A មាន៦ពិន្ទុស្មើនឹងក្រុមកំពូលតារាងរុស្ស៊ី ក្នុងនាមជាក្រុមឈ្នះ២ប្រកួតដូចគ្នា អ៊ុយរ៉ាហ្គាយត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី ខណៈក្រុមហាលអាវដូចគ្នាអារ៉ាប៊ីសាអូឌីត ប៉ះអេហ្ស៊ីបនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បញ្ចប់វគ្គជម្រុះនៃពូល A។
ទី៣៖ អេស្បាញ និង អ៉ីរ៉ង់
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ រកបាន៣ពិន្ទុលើកទី១ ក្រោយយកឈ្នះក្រុមអាស៊ី អ៉ីរ៉ង់ ១-០ បញ្ចប់ជុំទី២ ប្រចាំពូល B នៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ការស៊ុតបញ្ចូលទីតែ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Diego Costa នៅនាទីទី៥៤ ដើមវគ្គទី២ បានជួយឲ្យអតីតក្រុមជើងឯក World Cup ឆ្នាំ២០១០មួយនេះឡើងទៅឈរលេខ២ ប្រចាំពូល B បណ្តោះអាសន្នតាមពីក្រោយព័រទុយហ្គាល់ដែលរកបាន ៤ពិន្ទុដូចគ្នា ១ប្រកួតចុងក្រោយ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល B គឺអេស្ប៉ាញត្រូវជួប ម៉ារ៉ុក ស្របពេលព័រទុយហ្គាល់ ប៉ះអ៉ីរ៉ង់ នៅចុងសប្តាហ៍នេះ៕