ភ្នំពេញ៖ ក្រោយលត់វេស្ទើន ១០-១ ដើម្បីត្រឡប់ទៅកាន់កំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១០ បានធ្វើឲ្យគ្រូបង្វឹកលោក មាស ចាន់ណា រីករាយជាខ្លាំង ពិសេសគឺលោកមានមោទកភាព ចំពោះជោគជ័យទាំងព្រម ដែលបានកើតក្នុងការប្រកួតនេះ ។
លោក មាស ចាន់ណា បានលើកឡើងថា លោករីករាយចំពោះការរកបាន ៣ពិន្ទុ ហើយអាចវិលទៅឈរកំពូលតារាងជាថ្មី ជាងក្រុមឈ្នះ ១០គ្រាប់ ។ ប៉ុន្ដែអ្វីដែលសំខាន់មួយទៀត គឺលោកបានធ្វើតេស្ដសមត្ថភាពកីឡាករមួយចំនួនដោយជោគជ័យ ក្រោយពួកគេត្រូវបានប្ដូរចូល និងបង្ហាញទម្រង់លេងយ៉ាងល្អ នៅជាងពាក់កណ្ដាលវគ្គទី២ ។
សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១០ ក្រុមណាហ្គាវើល បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ២៥ពិន្ទុក្នុងដៃ នាំមុខក្រុមបឹងកេត កំពុងឈរលេខរៀងទី២ តែ ១ពិន្ទុប៉ុណ្ណោះ ។ ប៉ុន្ដែចុងសប្ដាហ៍នេះ ក្រុមទាំងពីរ នឹងត្រូវជួបគ្នាក្នុងជំនួបបញ្ចប់ជើងទី១ ដើម្បីប្រជែងកៅអីកំពូលតារាង ។ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ៕