បន្ទាប់ពីការជួយឲ្យក្រុមជម្រើសជាតិបារាំងបំបាក់ក្រុមជម្រើសជាតិអូស្ដ្រាលី ២-១ នៅក្នុងការប្រកួតពានរង្វាន់ World Cup នៃវគ្គចែកពូល ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថារូបគាត់គឺជាកីឡាករដែលរងការរិះគន់ជាងគេបំផុតនៅលើពិភពលោក។ ហើយនៅក្នុងការប្រកួតនោះដែរ Pogba រកគ្រាប់បាល់បានមួយគ្រាប់ឲ្យបារាំង បន្ទាប់ពីការស៊ុតបញ្ចូលទីគ្រាប់បើកឆាកពីសំណាក់ខ្សែប្រយុទ្ធ Antoine Griezmann ដែលបានពីបាល់ពិន័យ ១១ ម៉ែត្រ។
កីឡាករវ័យ ២៥ ឆ្នាំ Pogba បានជួបបញ្ហាទាក់ទងនឹងអាជីពបាល់ទាត់របស់គាត់សម្រាប់រដូវកាល ២០១៧/១៨ ទាំងនៅក្លិប និងជម្រើសជាតិ ជាពិសេសគឺគាត់រងការរិះគន់រកតែងើបមុខមិនរួច។ តែទោះជាយ៉ាងណាអតីតកីឡាកររបស់ក្រុម Juventus រូបនេះថាគាត់មិនខ្វល់នឹងសម្ដីរិះគន់ទាំងនោះទេ។ “និយាយទៅ ធ្វើមើលតែខ្ញុំហ្នឹងមានសិទ្ធិតិចជាងអ្នកផ្សេងក្នុងការបង្កើតកំហុស។” Pogba បានថ្លែងទៅកាន់ Telefoot ។ “វាពិតជាគួរចង់សើចណាស់។ ខ្ញុំបានប្ដូរពីកីឡាករបំបែកកំណត់ត្រាផ្ទេរ ទៅជាកីឡាករដែលត្រូវបានគេរិះគន់បំផុតលើពិភពលោក។ ការរិះគន់នឹងតែងតែនៅជិតអ្នកជានិច្ច នោះហើយគឺជាបាល់ទាត់។”
បារាំងនឹងបន្តយុទ្ធនាការប្រកួតនៃពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នាថ្ងៃព្រហស្បតិ៍ខាងមុននេះ ខណៈដែលពួកគេនឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិប៉េរូ។
ប្រែសម្រួល ៖ ភក្ដី