ខ្សែប្រយុទ្ធ Harry Kane និងក៏ជាប្រធានក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចប់ការចុះហត្ថលេខាបន្តកុងត្រាថ្មីរបស់ខ្លួនចំនួន ៦ ឆ្នាំបន្ថែមទៀតជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលមានន័យថា Kane ត្រូវជាប់កុងត្រាជាមួយក្រុមនៃលីកកំពូលរបស់អង់គ្លេសមួយនេះរហូតដល់ឆ្នាំ ២០២៤ ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ពីការប្រកួតនៅក្នុងលីកឲ្យ Tottenham ឈរនៅលើចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Premier League របស់អង់គ្លេសកាលពីរដូវកាលមុន និងបានធានាកៅអីទៅប្រកួតពានរង្វាន់នៃលីកកំពូលរបស់អឺរ៉ុប UEFA Champions League រដូវកាលក្រោយ។ ហើយថ្មីៗនេះដែរគាត់បានក្លាយជាកីឡាកររកគ្រាប់បញ្ចូលទីបានច្រើនជាងគេរបស់ Spurs ក្នុងប្រវត្តិសាស្ដ្រលីកកំពូលរបស់អង់គ្លេស។
កុងត្រាចាស់របស់ Kane ដែលបានបន្តម្ដងរួចមកហើយកាលពីចុងឆ្នាំ ២០១៦ និងដែលត្រូវបានគេរាយការណ៍ឲ្យដឹងថាកុងត្រារបស់គាត់នាពេលនោះគឺមានតម្លៃរហូតដល់ ១០ ម៉ឺនផោនក្នុងមួយអាទិត្យនោះគឺត្រៀមនឹងផុតនាឆ្នាំ ២០២២ ខណៈដែលនៅក្នុងកុងត្រាថ្មីនាពេលនេះគឺ Kane នឹងទទួលបានប្រាក់ឈ្នួលទ្វេរជាពីរធៀបនឹងកុងត្រាចាស់។ ហើយបើតាមខ្សែវីដេអូដែលត្រូវបានផុសទៅក្នុងទំព័របណ្ដាញសង្គម Twitter របស់ Spurs, Kane បាននិយាយថា ៖ “ខ្ញុំទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីមួយ និងរីករាយនឹងធ្វើវា ហើយខ្ញុំអន្ទះសារចង់ឃើញអ្នកគាំទ្រទាំងអស់នៅក្នុងកីឡដ្ឋានរដូវកាល។”
កាលពីឆ្នាំ ២០១៧ Kane បានបញ្ចប់រដូវកាលជាមួយនឹងការឈរលើកំពូលចំណាត់ថ្នាក់កីឡាករដែលរកគ្រាប់បាល់បញ្ចូលទីច្រើនដាច់គេនៅអឺរ៉ុប គឺរកបានដល់ ៥៧ គ្រាប់សម្រាប់ក្លិប និងជម្រើសជាតិ។ ហើយលើសពីនោះគាត់បានបំបែកកំណត់ត្រារបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Alan Shearer ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីបានច្រើនបំផុតនៅលីកកំពូលរបស់អង់គ្លេសក្នុងរយៈពេល ១ ឆ្នាំ ដោយពេលនោះគឺគាត់ស៊ុតបាន ៣៩ គ្រាប់។
ប្រែសម្រួល ៖ ភក្ដី