ភ្នំពេញៈ គ្រូបង្វឹកក្បាច់គុណខ្មែរ នៅសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាជាលើកដំបូង ក្រោយពីចាកចេញពីទឹកដីកំណើតអស់រយៈពេល៤០ឆ្នាំ លោក ខាន់យ៉ា ប្រាជ្ញ អតីកីឡាករ និងជាគ្រូបង្វឹកក្បាច់គុណ។ បង្ហាញវត្តមានលើកនេះ លោកនឹងជួបពិភាក្សាជាមួយមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិក្សាស្វែងរកគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជួយឲ្យកីឡាករកម្ពុជា មានមុខលើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកពិភពលោក ។
ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីលោក ខាន់យ៉ា ប្រាជ្ញ បានបង្ហាញមុខនៅក្នុងព្រលានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃទី២១ ខែឧសភានេះ។ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម លោកបានលុតជង្គង់ឱនក្រាបសំណះទឹកដីកំណើតរបស់ខ្លួន ដោយក្តីនឹករលឹក។ ថ្លែងដោយក្តីរំភើប លោក ខាន់យ៉ា ប្រាជ្ញ បានលើកឡើងថា លោកពិតជាត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន គ្រាដែលបានមកដល់ទឹកដីកំណើត ដែលលោកស្រលាញ់ពេញបេះដូង បើទោះបីជាចេញទៅរស់នៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៩មក ។
លោកបញ្ជាក់ថា នៅសហរដ្ឋអាមេរិកលោកជាកីឡាករប្រដាល់ មានក្លឹបហាត់ប្រាណ និងហាត់គុណខ្មែរ ហើយលោកក៏ធ្លាប់ចូលរួមសកម្មភាពកីឡាអន្តរជាតិជាច្រើននៅសហរដ្ឋអាមេរិក ទើបលោកបានដឹងច្រើនអំពីវិស័យកីឡាលើឆាកអន្តរជាតិ។ លោកថា មកកម្ពុជាលើកនេះលោកនឹងជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន អំពីការជំរុញ និងគោលបំណងចង់ជួយលើផ្នែកកីឡាមួយចំនួន តាមតែអាចធ្វើទៅបាន។ លោកបន្តថា លោកចង់ឃើញវត្តមានកីឡាករខ្មែរមួយចំនួន កាន់ទង់ជាតិចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិចអន្តរជាតិ។ ក្នុងរយៈពេល១៥ថ្ងៃ នៃការស្នាក់នៅកម្ពុជា លោកក៏នឹងចុះទៅជួបផ្ទាល់ជាមួយបណ្តាម្ចាស់ក្លឹបក្បាច់គុណខ្មែរនានា ដើម្បីស្វែងរកឱកាសជួយជំរុញឲ្យមានភាពកាន់តែប្រសើរឡើងលើវិស័យកីឡា ពិសេសកីឡាប្រដាល់។ លោកថា ទោះចាកចេញពីកម្ពុជា៤០ឆ្នាំមែន ប៉ុន្តែទឹកចិត្តបេះដូងអារម្មណ៍ សាច់ឈាមនៅតែជាខ្មែរ ដែលចង់ជួយខ្មែរតាមតែអាចជួយទៅបាន ។
គួរបញ្ជាក់ដែរថា លោក ខាន់យ៉ា ប្រាជ្ញ មានអាយុ៥៨ឆ្នាំ មានទឹកដីកំណើតនៅខេត្តបាត់ដំបង។ ក្នុងសម័យសង្គ្រាមលោកបានចេញទៅរស់នៅជំរុំខាវអីដា និងបន្តចេញទៅរស់នៅលើទឹកដី នៃសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧៩ គ្រាដែលលោកទើបមានវ័យ ១៤ឆ្នាំប៉ុណ្ណោះ។ លោកធ្លាប់ហ្វឹកហាត់ជំនាញក្បាច់គុណល្បុក្កតោ នៅលើទឹកដីនៃខេត្តសៀមរាប គ្រាដែលលោកនៅវ័យ៥ឆ្នាំមកម្ល៉េះ។ នៅសហរដ្ឋអាមេរិក លោកគឺជាវិស្វករសំណង់ និងជាគ្រូបង្វឹកផ្នែកក្បាច់គុណខ្មែរម្នាក់ផងដែរ៕