រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី ០១ កុម្ភៈ នេះ បានសម្រេចបន្តឃុំលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃុំដដែល បន្ទាប់ពីបើកសវនាការជំនុំជម្រះលើសំណុំរឿងជនត្រូវចោទ កឹម សុខា លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ។
ក្រុមមេធាវីលោកកឹម សុខា បានអះអាងថា ជនជាប់ចោទលោកកឹម សុខា ត្រូវបានមន្ត្រីពន្ធនាគារត្រពាំង
ផ្លុង បាននាំមកដល់សាលាឧទ្ធរណ៍នៅវេលាម៉ោងប្រមាណ០៥ និង៣០នាទីព្រឹកថ្ងៃទី១ កុម្ភៈ នេះ តាមការគ្រោងទុក ដើម្បីជំនុំជម្រះបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំបណ្តោះអាសន្ន ។ យ៉ាងណាមិញ លោកមេធាវីហែម សុជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពេលសវនាការថា ការសម្រេចមិនឱ្យកូនក្តីលោកនៅក្រៅឃុំបណ្តោះអាសន្នគឺជា «សិទ្ធិរបស់តុលារការ។ យើងជាមេធាវីមិនអាចទទួលយកបានចំពោះការលើករបស់តុលាការទេ »។
នៅឯសវនការព្រឹកថ្ងៃទី១ កុម្ភ ក៏មានវត្តមានលោកកឹម សុខា ចូលរួមផងដែរ ក្នុងសម្លៀកបំពាក់អាវពណ៌.ស និងខោខ្មៅ ហើយអមដោយកម្លាំងការពារយ៉ាងតឹងតែងផងដែរ ពេលលោកអង្គុយស្តាប់
អង្គសវនាការ។
លោកផែន ហេង ជាមេធាវីការពារសិទ្ធិលោកកឹម សុខា ម្នាក់ក្នុងចំណោមមេធាវីការពារ ៧រូប បានលើកឡើងថាតាមលោកដឹងសុខភាពលោកកឹម សុខាមានសភាពធម្មតាទេ ។ លោកមេធាវីបន្តថាថាការចោទប្រកាន់របស់តុលាការលើកកូនក្តីរបស់លោកតាមបទចោទ «សន្ធិដ្ឋិភាពជាមួយបរទេសមិនត្រឹមត្រូវទេ» ។
សូមរំលឹកថា លោកកឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ កញ្ញា ២០១៧ និងត្រូវតុលាការសម្រេចឱ្យឃុំខ្លូន នៅក្រោមបទចោទសន្ធិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នាថ្ងៃទី ០៦ ខែកញ្ញា។ សម្រាប់បទចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» គឺលោកកឹម សុខា អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។
កាលពីថ្ងៃទី២៦ខែកញ្ញា២០១៧ សាលាឧទ្ធរណ៍បានជម្រះក្តីបណ្តឹងសុំនៅក្រៅឃុំម្តងហើយតែអវត្តមានជនជាប់ចោទក្រុមមេធាវីបានដើរចេញពីបន្ទប់សវនាការដោយគ្មានវត្តមានជនជាប់ចោទ។សវនាការនេះធ្វើឡើងជាអសាធារណៈមានតែវត្តមានជនជាប់ចោទមេធាវីនិងចៅក្រមសភាស៊ើបសួរចូលរួម។ចំណែកអ្នកសារព័ត៌មានត្រូវបានហាមឃាត់សូម្បីចូលក្នុងបរិវេណតុលាការ។
ប្រភពទាំងស្រុងពី ៖ កោះសន្តិភាព