(ភ្នំពេញ)៖ បងប្អូនប្រាកដជាបានជ្រាបហើយថា លោកគ្រូ នូ ស៊ិប ដែលជាអ្នកសិល្បៈករជើងចាស់ដ៏ល្បីមួយរូប បានធ្លាក់ខ្លួនឈឺធ្ងន់សម្រាកនឹងកន្ទេល ទាំងដែលមានជីវភាពក្រីក្រលំបាក គ្មានសូម្បីតែផ្ទះរស់នៅផ្ទាល់ខ្លួន។
ជាមួយនឹងភាពទុក្ខលំបាកមួយនេះ បានធ្វើឲ្យអ្នកសិល្បៈមួយចំនួន ក៏ដូចជាមហាជនជាច្រើន ពិតជាអាណិតដល់រូបលោកជាខ្លាំង ថែមទាំងបាននាំគ្នាពាំនាំ ជាមួយនឹងអំណោយខ្លះៗ ដើម្បីជួយសម្រួលភាពលំបាកដល់លោកតាមួយគ្រា។
តែមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់លោក ហាក់ដូចជាមិនបានធូរស្បើយបន្តិចសោះឡើយ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏មានគណនីហ្វេសប៊ុកមួយ បានបង្ហាញនូវរូបភាព ស្ថានភាពរបស់លោក ដែលកំពុងតែឈឺធ្ងន់ សម្រាកនឹងកន្ទេល យ៉ាងគួរឲ្យបារម្ភជាងមុនទៅទៀត។
ទន្ទឹមនឹងនេះដែរ មហាជនពិតជាអាណិតដល់លោកតាយ៉ាងខ្លាំង ដែលជីវភាពកំពុងតែពិបាកទៅហើយ ពេលនេះក៏ត្រូវធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ទៀត៕