ប្រទេសថៃ៖ បុរសម្នាក់តែងចំណាយពេលសម្រាក និងងូតទឹកលេងជាមួយសត្វក្របីរបស់ខ្លួន ហើយតាមរយៈស្នាមញញឹម និងរូបថត Selfie របស់ពួកគេ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង។
បុរសជនជាតិថៃខាងលើ មានឈ្មោះថា Surat Phaeoket បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញ លោកញញឹមខណៈកំពុងលេង និងងូតទឹកជាមួយសត្វក្របី ២ក្បាល ឈ្មោះ Kao Hom និង Tongkum។
លោក Surat បាននិយាយថា «ខ្ញុំតែងតែស្រលាញ់សត្វក្របី តាំងពីខ្ញុំនៅតូចម្ល៉េះ។ គ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំថា គ្រប់គ្នាសុទ្ធតែធ្លាប់មានសត្វក្របី ប៉ុន្តែពេលខ្ញុំកើតមក មិនឃើញពួកវាសោះ»។ ទោះជាយ៉ាងណាបុរសវ័យ ៣៤ឆ្នាំរូបនេះបានបន្ថែមថា «ខ្ញុំតែងតែចង់បានវា»។
កាលពីប៉ុន្មានឆ្នាំមុន លោក Surat គ្រាន់តែជាកសិករដាំអំពៅធម្មតាម្នាក់ ដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីប៉ុណ្ណោះ។
«ខ្ញុំមានអារម្មណ៍ថាសុខភាពខ្ញុំពេលនោះអាក្រក់ណាស់ ដោយសារតែខ្ញុំរស់នៅជាមួយសារធាតុគីមីជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ ការដាំដុះបានបរាជ័យព្រោះតម្លៃអំពៅធ្លាក់ចុះ»។ នេះបើតាមសម្ដីលោក Surat។
ក្រោយមក កសិករថៃរូបនេះបានចូលរួមសិក្ខាសាលារដ្ឋស្ដីពីការចិញ្ចឹមសត្វ និងកសិកម្ម រហូតបានបំពេញក្ដីសុបិនពីកុមារ ក្រោយខ្ចីបានសត្វក្របីចំនួន ២ក្បាលពីធនាគាររដ្ឋ Buffalo Bank។ បច្ចុប្បន្ននេះ លោក Surat ងាកមកចិញ្ចឹម និងមើលថែរក្សាសត្វក្របីសរុបចំនួន ៥ក្បាល៕
ប្រភព៖ FB