បេក្ខជនដែលមិនចង់ខុសឆ្គងនៅពេលប្រឡងបាក់ឌុប ត្រូវអាន១៦យ៉ាងខាងក្រោមនេះ

0
597

(ភ្នំពេញ) ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសពីប្រការចំនួន ១៦ចំណុច ដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលខាងមុខ។

ប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះ រួមមាន៖

 

១- មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២

២- មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង

៣- មិនត្រូវយកសៀវភៅ និងសំណៅគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង

៤- មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស

៥- មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ

៦- មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ

៧- មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារផ្សេងៗ ដែលត្រូវហាមឃាត់ មិនឲ្យយកចូលក្នុងមណ្ឌលប្រឡង

៨- មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខារបស់អនុរក្ស

៩- មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ

១០- មិនត្រូវងើបឈរ ងាកឆ្វេង-ស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ

១១- មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឲ្យអ្នកដទៃមើល ឬអូសឆក់យកបាន

១២- មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឲ្យសម្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរ អក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម

១៣- មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ

១៤- មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឲ្យរបើកជញ្ជាំងក្ដារ ធ្វើឲ្យបាក់បែកតុ កៅអី ឬក្ដារខៀនជាដើម

១៥- មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែម លើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត

១៦- មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយា ដែលនាំឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡងឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។

 

សូមជំរាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០និង២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សដាក់ពាក្យប្រឡងមានចំនួន ១១៧.០៦១នាក់ ចែកចេញជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧% និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣% ដោយមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦ មណ្ឌល៕

ប្រភពFacebook

LEAVE A REPLY

Please enter your comment!
Please enter your name here